ខេត្តបាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលរួមសហការជាមួយកម្លាំងការិយាល័នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់តូបវេរប្រាក់វីង) នៅស្រុកថ្មគោល ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ឈ្មោះ ឡា ពោ ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ ម៉ៅ កុសល ភេទប្រស អាយុ២៨ឆ្នាំ ទីលំនៅមិនប្រាកដ។ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់តូបវេរប្រាក់វីង) នៅស្រុកថ្មគោល កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០២និង១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ។មានករណីលួចមានស្ថានទម្ងន់ទោស (គាស់តូបវេប្រាក់វីង) ដោយចូលក្នុងលំនៅដ្ឋានលូនចូលក្នុងទូវេរប្រាក់វីងគាស់ថតទូដាក់ប្រាក់យកលុយ។ជនរងគ្រោះឈ្មោះ ប៉ិច បុណ្ណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងករណីនេះបណ្តាលឲ្យបាត់បង់រួមមាន ៖ -ប្រាក់រៀលប្រមាណជា១លានរៀល -ក្រវិលកំប៉ុងស្រាបៀរដែលត្រូវង្វាន់មួយចំនួន ។
យ៉ាងណាក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យកន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរហូតឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ ទាំង២នាក់តែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីររូបនេះ បានសារភាពថាខ្លួនពិតជាបានចូលលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានខាងលើប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនជនសង្ស័យទាំង២នាក់មកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ ៕