គណៈកម្មការអឺរ៉ុប EU៖ ការពារការបែងចែកវ៉ាក់សាំងកូវីដ-១៩ ក្រោយអូទ្រីស និងរដ្ឋសមាជិកតវ៉ារឿងចែកមិនស្មើគ្នា

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់​ពី​អូទ្រីស និងរដ្ឋសមាជិកមួយចំនួនតវ៉ាពីការបែងចែកវ៉ាក់សាំងកូវីដ-១៩ មិនស្មើគ្នា​ ក្នុងចំណោមប្រទេសសមាជិក EU ទាំងអស់។ ស្រាប់​តែ​នៅថ្ងៃទី១៣ ខែមីនា នាពេលថ្មីៗនេះ​ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ពីការពារគោលនយោបាយបែងចែកវ៉ាក់សាំងនេះ ឱ្យរដ្ឋាសមាជិកទាំងអស់ដែលអនុវត្តតាមគោលការណ៍ស្មើៗគ្នា។ ហេីយ​មេដឹកនាំប្រទេសអឺរ៉ុប នឹងជួបគ្នានៅចុងខែមីនា ដើម្បីជជែកពីការបែងចែកវ៉ាក់សាំងនេះ។

ជាក់ស្ដែង​មេដឹកនាំរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន៦ បានផ្ញើលិខិតរួមគ្នាទៅកាន់គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដោយបានត្អូញត្អែររឿងបែងចែកវ៉ាក់សាំងមិនស្មើគ្នាក្នុងចំណោមរដ្ឋសមាជិកទាំងអស់។ មិនតែប៉ុណ្ណោះ​មេដឹកនាំ​ ឆែក ប៊ុលហ្ការី ឡេតូនី ស្លូវេនី និងក្រូអាស៊ី ក៏ស្នើឱ្យអឺរ៉ុបបើកកិច្ចប្រជុំមួយដើម្បីជជែកពីបញ្ហាមួយនេះ។

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា​ ដេីម្បីឆ្លើយតបការត្អូញត្អែររបស់រដ្ឋសមាជិក គណៈកម្មការអឺរ៉ុប​ បានលើកឡើងថា វ៉ាក់សាំងត្រូវបានបែងចែកទៅតាមសមាមាត្រនៃប្រជាជនក្នុងប្រទេសនីមួយៗ និងទិន្នន័យការរាលដាលជំងឺកូវីដ-១៩ ជាដើម។ បន្ថែមពីនេះ​ ប្រទេសដែលមានករណីឆ្លងខ្លាំង ក៏អាចទទួលវ៉ាក់សាំងច្រើនជាងប្រទេសឯទៀតដែរ ប្រសិនបើរដ្ឋាភិបាលខ្លះមិនចង់ជ្រើសយកជម្រើសចែកតាមចំនួនប្រជាជននោះ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ បេីមែនទែនទៅ​ គណៈកម្មការអឺរ៉ុប រងការរិះគន់យូរមកហើយរឿងបែងចែកវ៉ាក់សាំងនេះ ព្រមគ្នានឹងចាប់ផ្ដើមយឺតតាំងពីដើមទីមកនោះ។ ចំណែក​អធិការបតីអូទ្រីស សេបាស្ទៀន ឃើស និយាយនៅថ្ងៃទី១២ ខែមីនា ថា ការបែងចែកវ៉ាក់សាំង ធ្វើឡើងមិនបានស្មើគ្នាឡើយ ទោះជារដ្ឋាភិបាលសមាជិកទាំង២៧ឯកភាពគ្នារួចហើយក្ដី។ បើតាមមេដឹកនាំអូទ្រីស ម៉ាល់ត៏ នឹងទទួលបានវ៉ាក់សាំងច្រើនជាងបីដងធៀបនឹងប៊ុលហ្ការីដែលមានប្រជាជនច្រើនជាង។

គួរបញ្ជាក់ថា​ មេដឹកនាំប្រទេសទាំង៦ នៅក្នុងលិខិតរួមគ្នាលើខាងនេះ​ បានស្នើឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ឆាល មីឈែល រៀបចំការពិភាក្សាមួយលើបញ្ហាសំខាន់នេះជាមួយមេដឹកនាំផ្សេងទៀត។ បើតាមមន្រ្តីអឺរ៉ុប លោក មីឈែល ទទួលបានលិខិតរួចហើយ ឯជំនួបមេដឹកនាំនឹងធ្វើនៅថ្ងៃទី២៥ និងទី២៦ ខែមីនាខាងមុខ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print