អាចារ្យសាសនាអិស្លាមមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឲ្យរងរបួស ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ ។ ប៉ូលិសបានអះអាងថា ខ្មាន់កាំភ្លើងត្រូវកម្លាំងសន្តិសុខបាញ់សម្លាប់ភ្លាមៗបន្ទាប់ពីសកម្មភាពបាញ់ប្រហារទៅលើអាចារ្យរូបនោះ ។
អ្នកនាំពាក្យស្នងការប៉ូលិស លោកស្រី Helen Galvez បានថ្លែងថា អាចារ្យឈ្មោះ Sheikh Aaidh Al-Qarni ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីទទួលរងការបាញ់ប្រហារស្ថិតនៅក្នុងទីប្រជុំជន Zamboanga ប៉ុន្តែទោះបីយ៉ាងណា មុខរបួសមិនធ្ងន់ ឬគំរាមកំហែងដល់អាយុជីវិតនោះឡើយ ។ គាត់បានរងរបួសនៅត្រង់ស្មាខាងស្តាំ ទ្រូង ។
របាយការណ៍ប៉ូលិសបានបញ្ជាក់ថា លោកអាចារ្យ Qarni បាននិងកំពុងផ្តល់ឧបទេសនៅសាកលវិទ្យាល័យមួយកន្លែង ប៉ុន្តែនៅពេលនោះ ស្រាប់តែលេចមុខខ្មាន់កាំភ្លើងចេញពីហ្វូងមនុស្សហើយធ្វើសកម្មភាពបាញ់ប្រហារទៅលើលោក អាចារ្យ Qarni តែម្តង ។ ក្រោយហេតុការណ៍នេះកើតឡើង ប៉ូលិសដែលយាមកាមនៅទីនេះបានបាញ់ប្រហារខ្មាន់កាំភ្លើងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។
ខ្មាន់កាំភ្លើងមានគ្នា៣នាក់ ដែលសុទ្ធតែជាពលរដ្ឋហ្វីលីពីន ។ ប៉ូលិសបានចាប់ខ្លួនមនុស្ស២នាក់បន្ទាប់ពីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកអះអាងថា បានស្ថិតនៅជាមួយខ្មាន់កាំភ្លើង ។
ទោះបីយ៉ាងណា អ្នកនាំពាក្យស្នងការប៉ូលិសបានបញ្ជាក់ថា នៅមិនទាន់ដឹងពីអត្តសញ្ញាណខ្មាន់កាំភ្លើង និងមិនដឹងថា ក្រុមនេះមកពីខាងណានោះដែរ ហើយការបាញ់ប្រហារទៅលើអាចារ្យខាងលើនេះ មិនដឹងថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ។
ស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំនៅទីក្រុងម៉ានីល បានបញ្ជាក់អំពីហេតុការណ៍ខាងលើនេះ ដោយអះអាងថា លោកអាចារ្យ Qarni បានរងគ្រាប់កាំភ្លើងនៅត្រង់ដៃ ខណៈដែលបុរសម្នាក់បានចូលទៅកៀករថយន្តរបស់លោក ហើយបាញ់ប្រហារ បន្ទាប់ពីលោកចាកចេញពីធ្វើសន្និសីតកាសែត ។ ការធ្វើដំណើររបស់លោកអាចារ្យធ្វើឡើងតាមការអញ្ជើញរបស់សមាគមសាសនាក្នុងស្រុក ។
លោកអាចារ្យ នៅពេលបន្ទាប់មកត្រូវបញ្ជូនតាមយន្តហោះទៅកាន់ទីក្រុងម៉ានីល ក្រោមការទំនុកបម្រុងដោយស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត ។
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអ៊ូឌីតបានសរសេរថា លោកអាចារ្យ Qarni ជាបុគ្គលល្បីល្បាញមួយរូបនៅក្នុងចំណោមអ្នកកាន់សាសនាអិស្លាម ។ លោកមានអ្នកគាំទ្រប្រមាណជាង១២លាននាក់នៅតាមប្រព័ន្ធទំនាក់ទំនងធ្វីធើ ។ លោកបាននិពន្ធសៀវភៅ និងទទួលបានការពេញនិយមយ៉ាងខ្លាំង ។
កាលពីខែកន្លងមកនេះ នៅតំបន់ដាច់ស្រយាលភាគខាងត្បូងហ្វីលីពីន ក្រុមរដ្ឋអិស្លាមបានលើកទង់ជាតិពណ៌ខ្មៅរបស់ខ្លួននៅទីនោះ បន្ទាប់ពីមានការវាយឆ្មក់ ។ កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការបោសសម្អាតិអស់រយៈពេលយ៉ាងតិច១សប្តាហ៍ពេញ ហើយជាលទ្ធផល ក្រុមឧទ្ទាម១២នាក់ត្រូវសម្លាប់ ។ រីឯកងកម្លាំងយោធាវិញ មាន៥នាក់បាត់បង់ជីវិត ៕