បន្ទាប់ពីវៀតណាមធ្វើសមាជរួចមក មេដឹកនាំរបស់ប្រទេសនេះបានបញ្ជូនប្រេសីទពិសេស ឲ្យធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ។ ភាគីចិន វៀតណាម បានសន្យាពង្រឹងទំនាក់ទំនងរវាងបកុម្មុយនីស្តទាំងពីរ ព្រមទាំងទំនាក់ទំនងរវាងរដ្ឋ នឹងរដ្ឋផងដែរ ។
ទោះបីមានជម្លោះដែនសមុទ្រចិនខាងត្បូងក៏ដោយ ប៉ុន្តែ ចិន និងវៀតណាមបានសន្យាថា នឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត ។ ការប្រកាសបែបនេះកើតឡើង នៅពេលប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជួបជាមួយលោក Hoang Binh Quan ប្រេសិតរបស់លោក ង្វៀន ភូជុង ដែលទើបជាប់ឆ្នោតបន្តជាលេខាបក្សកុម្មុយនីស្តវៀតណាមអាណត្តិថ្មីនោះ ។
ដំណើរទស្សនកិច្ចនេះ លោក Hoang Binh Quan បានប្រគល់សាររបស់លោក ង្វៀន ភូជុង ទៅកាន់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដោយបានលើកឡើងពីភាពដូចគ្នាលើប្រព័ន្ធនយោបាយដឹកនាំប្រទេសចិន និងវៀតណាម ។
ទីភ្នាក់ងារព័ត៌មានសីនហួរ បានផ្សព្វផ្សាយថា លោក ង្វៀន ភូជុង បានបញ្ជាក់ក្នុងលិខិតនោះថា ចិននិងវៀតណាម មានទំនាក់ទំនងផលប្រយោជន៍ដូចគ្នាជាច្រើន ហើយទំនាក់ទំនងបក្ស និងបក្ស បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរដ្ឋ និងរដ្ឋ ។ លេខាបក្សកុម្មុយនីស្តវៀតណាម បានស្នើឲ្យភាគីទាំងពីររក្សាសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រចិនខាងត្បូង ដែលរួមចំណែកយ៉ាងសំខាន់ដល់ សន្តិភាពក្នុងតំបន់ ក៏ដូចជាពិភពលោក ។
ប្រទេសចិន និងវៀតណាមដែលជាអ្នកជិតខាងនឹងគ្នា ប៉ុន្តែមិនសូវមើលមុខគ្នាចំប៉ុន្មានឡើយ ដោយសារតែបញ្ហាជម្លោះដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង ។ ប្រទេសវៀតណាមបានទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង ដោយចោទចិនថាបានធ្វើសកម្មភាពយោធាជាឯកតោភាគី ស្របពេលដែលការបែងចែកទឹកដីនៅមិនទាន់ច្បាស់ផងនៅឡើយនោះ ។
ដំណើរទស្សនកិច្ចរបស់ប្រេសិតលេខាបក្សកុម្មុយនីស្តវៀតណាមកាលពីថ្ងៃទី១ ខែមីនា ហាក់បានបង្ហាញពីបំណងបន្តសហប្រតិបត្តិការរវាងចិន នឹងវៀតណាម ។ ដៃម្ខាងនៅតែឈោងចាប់ចិន ពីព្រោះប្រទេសចិនជាទីផ្សារដ៏ធំសម្រាប់ទំនិញវៀតណាម ហើយម្យ៉ាងវិញទៀត វៀតណាម មិនសុខចិត្តបិទទ្វារសេដ្ឋកិច្ចខ្លួនឯងឡើយ ៕







