ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្រេចពន្យារពេលបោះឆ្នោតទៅលើសេចក្តីព្រាងស្តីអំពីការច្បាប់ដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើង ដោយសារតែរដ្ឋឯកោមួយនេះបានធ្វើសកម្មភាពបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤របស់ខ្លួន ព្រមទាំងបាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយផងដែរ ។
ដោយមានការគាំទ្រពីទីក្រុងប៉េកាំង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវរំពឹងថា នឹងបោះឆ្នោតអនុម័តទៅលើសេចក្តីព្រាងច្បាប់ថ្មីស្តីអំពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ សេចក្តីព្រាងស្តីអំពីការដាក់ទណ្ឌកម្មថ្មីនេះតាក់តែងឡើងដោយអាមេរិកក្នុងគោលបំណងរឹតត្បិតការនាំចូលទៅកាន់កូរ៉េខាងជើងនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងប្រភពធនធានដទៃផ្សេងទៀតពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែរនោះ ។
តាមការគ្រោងទុក អង្គការសហប្រជាជាតិគ្រោងកោះប្រជុំបោះឆ្នោតនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែដោយមានសំណើពីរុស្ស៊ី ក្រុមប្រឹក្សាសន្តិសុខបានសម្រេចផ្អាក និងពន្យារពេលកោះប្រជុំជាបណ្តោះអាសន្ន ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបដិសេធផ្តល់ហេតុផលចំពោះការស្នើឲ្យផ្អាក់ការកោះប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលនេះ ប៉ុន្តែទោះបីយ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Alexei Zaytsev បានអះអាងថា «ការបោះឆ្នោតនឹងកើតឡើងនៅថ្ងៃស្អែក វេលាម៉ោង១០ព្រឹក(ម៉ោងនៅក្នុងតំបន់)» ។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង គឺមានស្ថានទម្ងន់ខ្លាំងជាងពេលមុន ។ ប៉ុន្តែទោះបីយ៉ាងណា ប្រសិទ្ធភាពរបស់វាគឺអាស្រ័យទៅលើទីក្រុងប៉េកាំង ដែលសម្ពន្ធមិត្តជិតស្និទ្ធរបស់របបទីក្រុងព្យុងយ៉ាងផងដែរ ។
កូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៤របស់ខ្លួនកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោយមក ប្រទេសនេះបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយថែមទៀត ធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង ជាពិសេសមហាអំណាចអាមេរិកតែម្តង ។
ការបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បងអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើងបានរំលោភយ៉ាងធ្ងន់ទៅលើបម្រាមរបស់អង្គការសហប្រជាជាតិទាក់ទងកម្មវិធិអាវុធមីស៊ីល ហើយថា វាជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខពិភពលោក ។
ប្រទេសជាច្រើនជុំវិញពិភពលោកត្រូវជំរុញឲ្យមានវិធានការទៅលើកប៉ាល់ទាំងឡាយដែលសង្ស័យដឹក ទំនិញខុសច្បាប់ ចេញ ចូលទៅកាន់កូរ៉េខាងជើង ហើយត្រូវរាំងខ្ទប់ប្រភពសេដ្ឋកិច្ច ពាណិជ្ជកម្ម របស់កូរ៉េខាងជើងផងដែរ ៕







