នៅព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែលនេះ បន្ទាប់ពីបានអញ្ជើញពិនិត្យមើលដំណើរការជួសជុលកែលំអស្តូបព្រះបរមរូបព្រះបរមរតនកោដ្ឋរួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តដំណើរអញ្ជើញចុះទៅពិនិត្យមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគ្រោងនឹងយកមន្ទីរពេទ្យនេះសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។
ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
មន្ទីរពេទ្យនគរទេពអាចដាក់គ្រែសម្រាប់អ្នកជំងឺបានប្រមាណ ៥០០គ្រែ ដែលអាចរៀបចំទៅតាមតម្រូវការនៃផ្នែកផ្សេងៗដូចជា ផ្នែកសង្គ្រោះបន្ទាន់បាន៨០គ្រែ និងផ្នែកជំងឺធម្មតាបាន៤២០គ្រែ។
មន្ទីរពេទ្យនេះក៏មានបំពាក់គ្រឿងឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍ផ្សេងៗតាមស្តង់ដារជាមន្ទីរពេទ្យសម្ពព និងព្យាបាលរោគស្ត្រីផងដែរ៕
ទន្ទឹមនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាសគ្រប់ៗគ្នានៅតាមទីសាធារណៈ ឧស្សាហ៍ដុសលាងសម្អាតដៃ មុខមាត់ត្រចៀក ជាមួយសាប៊ូ ចិល ឬទឹកអាល់កុល ហើយត្រួវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ចម្ងាយជាង១ម៉ែត្រកន្លះពីគ្នា៕
ដោយ, សុខ ខេមរា