ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា បានថ្លែងថា រហូតមកដល់ថ្ងៃនេះ យោធិនចំនួន៥នាក់ហើយ បានឆ្លងមេរោគកូវីដ១៩បើទោះបី ពួកគេបានចាក់ថ្នាំវ៉ាក់សាំងរួចរាល់ទាំងពីរលើកហើយក្តី ប៉ុន្តែការអាការៈ ជំងឺរបស់ពួកគេពុំមានលក្ខណៈធ្ងន់ធ្ងរ នោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅពិនិត្យមើលដំណើរការរៀបចំមន្ទីរពេទ្យមួយ កន្លែងមានឈ្មោះថា មន្ទីរពេទ្យស្ត្រីនគរទេព ដែលមានទីតាំងស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ខណៈពេលនេះ កងទ័ពនៃក្រសួងការពារជាតិ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ចំពោះវិធានការសុខាភិបាល ជាពិសេស«៣ការពារ និង៣កុំ» ក្រោយមានការឆ្លងជាបន្តបន្ទាប់ចំពោះយោធាតាមអង្គភាពតាមអង្គភាពមួយចំនួននៃអគ្គបញ្ជាការដ្ឋាននោះ។
ដើម្បីបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងជូរកងទ័ព អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំដល់មេបញ្ជាការ កងទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ត្រូវ បន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល ជាពិសេសវិធានការ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ បន្ថែមទៀត បើទោះបីបានចាក់វ៉ាក់សាំងការពារកូវីដនេះ រួចរាល់ហើយនោះ។
ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសផងដែរថា ពេទ្យកងទ័ពនៃក្រសួងការពារជាតិបានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការចូលរួមអន្តរាគមន៍ជួយដល់ប្អូនប្រជាពលរដ្ឋខ្មែរ ដែលជួបបញ្ហាកូវីដ១៩នេះ ខណៈកម្លាំងពេទ្យកងទ័ពទាំងនោះ ក៏បានទទួលការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្ររួចរាល់ផងដែរនោះ៕
ប្រភព៖BTV