ភ្នំពេញ, អនុវត្តតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជនយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មសត្វ (ជ្រូក មាន់ ទា គោ ក្របី) ផលិតកម្មស៊ុត និងផលិតកម្មចំណីសត្វ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យនៅក្នុងរោងចក្រផលិតចំណីសត្វ ក្នុងកសិដ្ឋានចិញ្ចឹមសត្វ ការប្រើប្រាស់ និងបង្កាត់ពូជសត្វ ការប្រើប្រាស់វត្ថុធាតុ ដើមផលិតក្នុងស្រុក ការប្រើប្រាស់បសុឱសថ ថ្នាំការពារជំងឺឆ្លងសត្វ និងការអនុវត្តវិធានការជីវសុវត្ថិភាពបានល្អក្នុងកសិដ្ឋាន ការផ្សព្វផ្សាយ ឬចែករំលែកចំណេះដឹង បទពិសោធន៍អំពីបច្ចេកទេសចិញ្ចឹមសត្វដល់ដៃគូ ប្រយោជន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មពូជ សាច់ ស៊ុត និងចំណី ធានាបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផល ឆ្លើយតបតាមសេចក្តីត្រូវការរបស់អ្នកបរិភោគ រក្សាបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ និងឲ្យស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ។ នេះជាការបញ្ជាក់អោយដឹងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
លោកថ្លែងបន្តថា, ក្រុមហ៊ុន ស៊ីភី កម្ពុជា ជាក្រុមហ៊ុននាំមុខធំមួយក្នុងចំណោមក្រុមហ៊ុនធំៗ ដែលបាននិងកំពុងដំណើរការអាជីវកម្មលើវិស័យផលិតកម្មសត្វ (ជ្រូក និងមាន់) ស៊ុតមាន់ ចំណីសត្វ និងអាហារមនុស្ស (សាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ) និងសត្តឃាតដ្ឋានមាន់ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដោយដាក់ទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ (នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន កាលពីថ្ងៃទី១៩ ខែមីនា)។ របាយការណ៍នេះក៏បានរៀបរាប់យ៉ាងពិស្តារផងដែរថា ៖ បច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រផលិតចំណីសត្វពីរកន្លែង មួយនៅខេត្តកំពង់ស្ពឺ និងមួយទៀតនៅខេត្តប៉ៃលិន ដែលរោងចក្រទាំងពីរមានសក្តានុពលផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ៥៥ ០០០តោន/ខែ ដោយប្រើប្រាស់វត្ថុធាតុដើមផលិតក្នុងស្រុកមានពោតក្រហមចំនួន ២០០ ០០០តោន/ឆ្នាំ និងដំឡូងមីក្រៀមចំនួន ១០០ ០០០តោន/ឆ្នាំ ក្រៅពីនេះ វត្ថុធាតុដើមមួយចំនួនទៀត ក្រុមហ៊ុនបានស្នើសុំគោលការណ៍នាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីយកមកបំពេញបង្គប់តាមតម្រូវការរបស់រោងចក្រ និងជាពិសេសអតិថិជនដែលជាអ្នកចិញ្ចឹមសត្វ ម្ចាស់ដេប៉ូចំណីសត្វ ដៃគូ និងប្រើប្រាស់ក្នុងក្រុមហ៊ុនផ្ទាល់ផងដែរ។
ក្រៅពីផលិតកម្មចំណីសត្វ ក្រុមហ៊ុនមានចិញ្ចឹមមាន់ពូជយកពងភ្ញាស់យកកូនបានចំនួន ៧០០ ០០០ក្បាល/សប្តាហ៍ ផលិតកូនជ្រូកពូជបានចំនួន ២០ ០០០ក្បាល/សប្តាហ៍។ ដើម្បីបំពេញឲ្យសេចក្តីត្រូវការសាច់មាន់ និងផលិតផលសាច់ ក្រុមហ៊ុនបានបង្កើតសត្តឃាតដ្ឋានមាន់មួយកន្លែង ដែលអាចពិឃាតមាន់សាច់បានចំនួន ១០ ០០០ក្បាល/ថ្ងៃ មួយផ្នែកលក់ជាសាច់មាន់ស្រស់ និងមួយផ្នែកទៀតលក់ជាផលិតផលកែច្នៃមានដូចជាសាច់ក្រក ប្រហិត និងសាច់ប៉ាត់តេ ដោយគិតជាមធ្យមក្នុងមួយខែរោងចក្រអាចផលិតបាន ៥០០ ០០០ គ.ក្រ។ ដើម្បី រក្សាខ្សែច្រវាក់ផលិតកម្មពី A to Z ឲ្យមាននិរន្តរភាពចាំបាច់ក្រុមហ៊ុនត្រូវការបុគ្គលិក កម្មករសរុបចំនួន ២ ៧០០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យសត្វមានចំនួន ២០០នាក់ ដែលជានិស្សិតបានបញ្ចប់ការសិក្សានៅតាមសកលវិទ្យាល័យនានានៅទូទាំងប្រទេស។ ក្នុងគោលបំណងពង្រីកផលិតកម្មចិញ្ចឹមសត្វ ជាពិសេសដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ក្រុមហ៊ុនបាននិងកំពុងអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយគិតមកទល់ដើមឆ្នាំ២០២១ នេះក្រុមហ៊ុនមានដៃគូសហការចិញ្ចឹមជ្រូក និងមាន់ចំនួន ១ ៤០០គ្រួសារ នៅទូទាំងប្រទេស ហើយចំនួននេះសង្ឃឹមថានឹងមានការកើនឡើងជាបន្តបន្ទាប់ ក្រោយពេលវិបត្តជំងឺឆ្លងកូវីដ-១៩។ ម៉្យាងវិញទៀត តាមផែនការគ្រោងទុក ក្រុមហ៊ុននឹងបង្កើនផលិតភាពផលិតកម្មសត្វ និងចំណីឲ្យបានពី១៥% ទៅ ២០% ដើម្បីចូលរួមផ្គត់ផ្គង់ឲ្យតម្រូវការទីផ្សារក្នុងស្រុកដែលចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងអាចធ្វើការនាំចេញផងដែរ៕
ដោយ, សិលា