ខេត្តកណ្ដាល៖ កូនប្រុសច្បងចិត្ដជាសត្វតិរច្ឆានម្នាក់បានយកប្រេងម៉ាស៊ូតចាក់ស្រោចពីលើផ្ទះកេះដីកេះដុតឆេះយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បន្ទាប់ពីកូនប្រុសច្បងរូបនេះខឹងឪពុកម្ដាយហាមឃាត់មិនឲ្យយកត្រីប្រឡាក់ទៅអាំងក្លែម គ្រាដែលគេមានសភាពស្រវឹងជោគជាំទៅហើយនោះ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦ នៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា កូនប្រុសចិត្ដជាសត្វតិរច្ឆានខាងលើនេះត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពរួចដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ជនសង្ស័យមានឈ្មោះ ខន ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករសំណង់ ។ ឪពុកជនសង្ស័យឈ្មោះ គឹម ខន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ គ្រុយ បុប្ផា អាយុ៥៨ឆ្នាំ មានកូន៤នាក់ ជនសង្ស័យជាកូនប្រុសច្បង បច្ចុប្បន្នរស់នៅផ្ទះជាមួយគ្នាក្នុងភូមិ/ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យមានសភាពស្រវឹងស្រាជោកជាំ ហើយបានដើរមកផ្ទះគោលបំណងយកត្រីប្រឡាក់ទៅអាំងក្លែមបន្តទៀត ។ ឃើញដូច្នេះឪពុកម្តាយបាននិយាយហាមឃាត់ជនសង្ស័យជាកូន ធ្វើឲ្យកូនប្រុសចិត្តជាសត្វតិរច្ឆានមានក្តីខឹងសម្បាយ៉ាងខ្លាំងឈ្លោះប្រកែកជាមួយឪពុកម្តាយមួយសន្ទុះក៏ដើរគេចបាត់ទៅ លុះដល់វេលាម៉ោងកើតហេតុមិនមាននណាម្នាក់នៅផ្ទះ ជនសង្ស័យបានយកប្រេងម៉ាស៊ូតចាក់ស្រោចទៅលើផ្ទះរួចកេះដែកកេះដុតឆេះយ៉ាងសន្ធោសន្ធៅឡើងតែម្តង ។
ប្រភពដដែលបានបន្តទៀតថា ករណីនេះបណ្តាលឲ្យផ្ទះទំហំ៥គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី ,ម៉ាស៊ីនបូមទឹក០១គ្រឿង ,ប្រេងម៉ាស៊ូត០១ប៊ីដុងចំណុះ៣០លីត្រ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។ ក្រោយពីមានហេតុការណ៍កើតឡើងឪពុកម្តាយបានសម្រេចចិត្តប្តឹងចូលសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ