ភ្នំពេញ, អង្គការអភិរក្សធនធានធម្មជាតិនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាបានខិតខំពង្រឹងសេដ្ឋកិច្ច មូលដ្ឋាននៅតាមភូមិ ឃុំក្នុងតំបន់ជាប់ព្រៃអភិរក្សដែលប្រជាសហគមន៍រស់នៅពឹងអាស្រ័យតែ លើការកាប់ឈើលក់ខុសច្បាប់ឱ្យងាកមកប្រកបរបរកសិកម្មបែបធម្មជាតិវិញ ដោយអនុវត្តន៍ គម្រោងស្រូវត្រយង ដើម្បីឈានទៅលុបបំបាត់ការបំផ្លាញធនធានធម្មជាតិជាបន្តទៀត។ គម្រោងស្រូវត្រយងគឺគម្រោងធំមួយក្នុងចំណោមគម្រោងរេដបូក ដែលជាកម្មវិធីជាតិកាត់ បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។
ការអនុវត្តគម្រោងស្រូវត្រយងគឺតម្រូវឱ្យកសិករដែលជាសមាជិកស្រូវត្រយងទាំងអស់ អនុវត្តន៍តាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមាន ទី១ គឺត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់។ ទី២ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេស និងដោយមានការបង្ហាត់បង្រៀនពីសំណាក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ។ ទី៣ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបានពីការកាប់ទន្រ្ទានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាមឃាត់ដាច់ខាត។ ទី៤ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ទន្ទឹមនេះ បើតាមលក្ខខណ្ឌនៃ គម្រោងទាំង៤នេះ គឺបានធ្វើឱ្យមានភាពល្អប្រសើរឡើងនូវការការពារ និងអភិរក្សធនធានធម្មជាតិ។
ការអនុវត្តន៍គម្រោងស្រូវត្រយង ជាការបង្កើតនូវមុខរបរថ្មី ជម្រើសថ្មី ឱ្យប្រជាកសិករនៅរស់នៅតំបន់ព្រៃអភិរក្សងាកមកធ្វើស្រែចម្ការតាមគោលការណ៍សរីរាង្គសម្រាប់ហូបប្រចាំថ្ងៃនិងសម្រាប់លក់ដូរក្នុងតម្លៃថ្លៃជាងស្រូវធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ ការអនុវត្តគម្រោងស្រូវត្រយង អាចជំរុញលើកទឹកចិត្តប្រជាសហគមន៍ចូលរួម ថែរក្សាការពារបាននូវធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ សម្រាប់បង្កើតជាតំបន់អេកូទេសចរណ៍ដែលអាចរកចំណូលចាក់ចូលក្នុងសហគមន៍ថែមទៀត។
ក្រសួងបរិស្ថានបាន ជំរុញឱ្យអង្គការដៃគូពាក់ព័ន្ធ យកគម្រោងស្រូវត្រយងនេះទៅអនុវត្តន៍តាមតំបន់ការពារធម្មជាតិផ្សេងៗនៅក្នុង២០ខេត្ត ក្នុងចំណោម២៥រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាជម្រើសថ្មីឱ្យប្រជាសហគមន៍សម្រាប់ប្រកបរបរចិញ្ចឹមជីវិតជំនួសឱ្យការកាប់ឈើ ការបរបាញ់សត្វ និងរុករានទន្រ្ទានដីព្រៃខុសច្បាប់។
ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី ២៩-៣១ ខែមករាឆ្នាំ ២០២១កន្លងទៅ ដោយមានការឧបត្ថម្ភគាំទ្រពីគម្រោង USAID ព្រៃឡង់ បៃតង និងអង្គការ WCS លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា «ការអនុវត្តគម្រោងស្រូវត្រយងមានភាពជោគជ័យនៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់សហគមន៍ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា»។
លោកបានលើកឡើងថា អត្ថប្រយោជន៍ដែលប្រជាជនទទួលបានពីគម្រោងស្រូវសត្វត្រយង មានដូចជា ១. មានទីផ្សារផលិតផលដែលផលិតបានច្បាស់លាស់។ ២. ទទួលបាននូវបទពិសោធន៍ និង បច្ចេកទេសបន្ថែមសម្រាប់ផលិតកម្មកសិកម្ម។ ៣. ទទួលបានចំណេះដឹងបន្ថែមលើការចូលរួមការពារធនធានធម្មជាតិ។ ៤. គ្រប់សមាជិកដែលគោរពលក្ខន្តិកៈ ហើយបានលក់ស្រូវឱ្យគម្រោង នឹងទទួលបានប្រាក់លើកទឹកចិត្តបន្ថែមតាមបរិមាណស្រូវដែលបានលក់។ ៥. ទទលបានតម្លៃស្រូវ បន្ថែមលើសពីតម្លៃទីផ្សារយ៉ាងហោចណាស់ពី១០ភាគរយ ទៅ២០ភាគរយ ចំពោះផលិតកម្មស្រូវ ដែលនៅក្នុងដំណាក់កាលបំប្លែងខ្លួនទៅជាផលិតផលសរីរាង្គ និងចាប់ពី២០ភាគរយ ទៅ៤០ភាគរយ ក្នុងមួយគីឡូក្រាម ចំពោះផលិតផលស្រូវដែលបានជោគជ័យក្នុងការទទួល បានវិញ្ញាបនបត្រសរីរាង្គដោយយោងទៅតាមគុណភាពស្រូវធៀបទៅនឹងតម្លៃទីផ្សារតាមរោង ម៉ាស៊ីនកិនស្រូវ និងឈ្មួញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានបន្ដថា គម្រោងស្រូវត្រយងនេះមានសារៈប្រយោជន៍សម្រាប់ប្រជាកសិករ ដោយសារតែតម្លៃដែលឈ្មួញទិញមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារធម្មតា។ បច្ចុប្បន្ននេះគម្រោងស្រូវត្រយងបានអនុវត្តន៍យ៉ាងជោគជ័យនៅ ក្នុងខេត្តព្រះវិហារបានរហូតដល់៦០០ហិកតា។ សរុបគម្រោងស្រូវត្រយងនៅទូទាំងប្រទេសកម្ពុជាគឺមានជាង ៣ ០០០ ហិកតា ដែលបានអនុវត្តន៍នៅខេត្ដព្រះវិហារ នៅតំបន់ព្រៃឡង់គឺនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ហើយគម្រោងនេះក្រសួងបរិស្ថានគឺគាំទ្រឱ្យបង្កើនអនុវត្តន៍គម្រោងនេះនៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត។
ពាក់ព័ន្ធការរកទីផ្សារសម្រាប់អង្ករត្រយងនាពេលបច្ចុប្បុន្ន លោក កែន សេរីរដ្ឋា នាយកអង្គការWCSប្រចាំកម្ពុជាបានថ្លែងថា ទោះបីការនាំអង្កចេញពីប្រទេសកម្ពុជាទៅកាន់សហគមន៍អឺរ៉ុបមានការលំបាក ដោយសារតែការយកពន្ធនៅក៏ដោយ។ ប៉ុន្តែអង្ករត្រយងមានភាពអនុគ្រោះដោយសារ «យើងមានចំណុចពិសេសមួយដែលប្រកួតប្រជែងជាមួយបណ្តាប្រទេស ដែល ផលិតស្រូវអង្ករនាំចេញ គឺគេអត់អាចធ្វើឱ្យដូចយើងបាន ប៉ុន្តែយើងអាចធ្វើបានគឺទី១ ជាអង្ករសរីរាង្គគេមានដូចយើងដែរ ប៉ុន្តែយើងថែមមួយទៀតគឺការងារអភិរក្សធនធានធម្មជាតិដែលគេអត់ទាន់មានទេ។ ចំណុចនេះ បានសេចក្តីថា យើងកសាងបាននូវចំណុចគោលពិសេសមានលក្ខណៈប្រកួតប្រជែងដើម្បីទទួលបានការស្វាគមន៍ពីអ្នកទិញលើពិភពលោក»។ ខណៈទីផ្សារនៃអង្ករគម្រោងស្រូវត្រយងកាន់តែរីកធំ លោកនាយកអង្គការ WCS រូបនេះ បានបង្ហាញកង្វល់ថា «រាល់ថ្ងៃយើងព្រួយបារម្ភខ្លាំង ព្រួយបារម្ភត្រង់ថា យើងអត់ទាន់បានឆ្លើយតបនឹងតម្រូវការទីផ្សារអន្តរជាតិ គេចង់បានច្រើន ប៉ុន្តែយើងមិនអាចផ្គត់ផ្គង់ឱ្យគេបាន ដោយសារតែទី១លទ្ធភាពរបស់អង្គការនៅមានកម្រិត យើងមិនអាចពង្រីកទាំងអស់គ្រប់កន្លែងបានទេ យើងត្រូវរើសកន្លែងណាមួយដែលឃើញថា ធ្វើឱ្យជោគជ័យ យើងនឹងបោះជំហានទៅកន្លែងផ្សេងទៀត»។
លោក កែវ សុជាតិ នាយកអង្គការសន្សំម្លប់ព្រៃដែលជាអង្គការដៃគូបង្គោលធ្វើកិច្ចការ ជាមួយអង្គការអភិរក្សធនធានធម្មជាតិនានា និងជាមួយក្រុមហ៊ុន Ibis Rice Conservation Company បានឱ្យដឹងថា បច្ចុប្បន្នគម្រោងស្រូវត្រយងមានតែនៅសហគមន៍ ដែលរស់នៅផ្ទាល់ជាមួយធនធានធម្មជាតិ មិនទាន់អាចពង្រីងទៅទូទាំងប្រទេសបាននៅឡើយទេ។ លោក កែវ សុជាតិ បានបញ្ជាក់ថា «ទី១ដោយសារធនធានយើងមានមានកម្រិត យើងផ្តោតសំខាន់លើអ្នករស់នៅក្នុងតំបន់ការពារដែលគាត់រស់នៅដោយផ្ទាល់ជាមួយធនធានធម្មជាតិ។ ទី២យើងចាប់ផ្តើមឱ្យអាទិភាពទៅលើប្រជាជនដែលរស់នៅជុំវិញ មែនទែនទៅយើងចង់ធ្វើគម្រោងស្រូវត្រយងនៅតំបន់ការពារទាំងអស់នៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមការពារធនធានធម្មជាតិ ក៏ប៉ុន្តែដោយសារខ្វះធនធានយើងផ្តោតសំខាន់តែអ្នកនៅក្នុងនិងអ្នកនៅជុំវិញសិន»។
លោកនាយកអង្គការសន្សំម្លប់ព្រៃបានឱ្យដឹងបន្ថែមថា សព្វថ្ងៃអង្គរត្រយងនាំចេញទៅលក់នៅប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា ហុងកុង និងមានទីផ្សារបែងចែកអង្ករនៅប្រទេសសិង្ហបុរី។ ចំណែកនៅក្នុងប្រទេសកម្ពុជាមានលក់នៅតាមផ្សារធំៗ និងតាមផ្សារទំនើប។
ក្នុងពិធីសម្ពោធជាផ្លូវការក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ ខន់សើវេសិន (Ibis Rice Conservation Company) ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០កន្លងទៅនេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបានសម្ដែងនូវចំណាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាននាពេលកន្លងមក និងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកជាមួយរដ្ឋាបាលក្នុងការការពារ និងអភិរក្សសត្វត្រយងដែលជា ប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក ក៏ដូចជាបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាកសិករក្រីក្ររស់នៅក្នុងតំបន់ការពារធម្មជាតិឱ្យមានភាពប្រសើរឡើង។
សូមរម្លឹកថា គម្រោងស្រូវត្រយង ដែលធ្វើស្រែមានពូជស្រូវរំដួលជាដើម អនុវត្តន៍ការសាបព្រោះដកស្ទួងដាំដុះដោយមិនប្រើជីគីមី និង មិនរុករានដីព្រៃអភិករក្សនេះ គឺគម្រោងធំមួយក្នុងចំណោមគម្រោងរេដបូក។ រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូកមានគោលបំណង ទី១ ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងទី២ ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ី ព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀត គឺការស្រូបយកឧស័្មនកាបូនិច (ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះ ដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើ ខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរ ដើម្បីទទួលបានថវិកាក្នុងទម្រង់ជា ទីផ្សារកាបូនស្ម័គ្រចិត្ត(Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល Result-Based Payment)។
ចាប់តាំងពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ១១,៦ លានដុល្លារអាម៉េរិកពីការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney Kering Intuit និងក្រុមហ៊ុន Gucci។ កម្ពុជាកំពុងតែធ្វើការសិក្សា និងអនុវត្តន៍គម្រោងឥណទានកាបូនសាកល្បងនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតជាមួយក្រុមហ៊ុនជប៉ុន «Mitsui»។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលនៃការលក់ឥណទានកាបូននេះបង្ហាញថា កម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ លោកបានអះអាងថា “ការថែរក្សាបាននូវឈើឈរ យើងអាចលក់តួនាទីរបស់ឈើ ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូននេះត្រូវបានយកទៅប្រើប្រាស់ សម្រាប់ការពារ និងអភិរក្សព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា ការទូទាត់ផ្អែកតាមលទ្ធផល ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលអនុវត្តន៍ចាប់ពីឆ្នាំ ២០២០ ហើយដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព”៕
ដោយ, សិលា