ភ្នំពេញៈ ព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ ចុះពិនិត្យមើលផ្លូវបេតុង០១ខ្សែ ដែលទើបស្ថាបនារួច និងសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ លោកអភិបាលបានផ្តាំផ្ញើរការសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានពាំនាំនូវការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងបានគិតគូរដល់ការលំបាក បញ្ហា កង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកអភិបាលក៏បានទទួលយកនូវសំណូមពរ កង្វល់ និងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋទាំងអស់ ហើយនឹងយកទៅដោះស្រាយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។
បងប្អូនប្រជាពលរដ្ឋបានអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ហើយថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងបានគិតគូរដល់ការលំបាករបស់ពួកគាត់ និងដោះស្រាយបញ្ហានានាក្នុងមូលដ្ឋានបានល្អប្រសើរ។
គួរបញ្ជាក់ថា៖ ផ្លូវបេតុង០១ខ្សែ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ដែលបានចុះពិនិត្យនាឱកាសនេះ ជាផ្លូវបេតុងឆ្អឹងដែក ទទឹង០៤ម៉ែត្រ ប្រវែង ១៨៧,៥ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥។ ដោយឡែកសម្រាប់សង្កាត់ដង្កោ ទាំងមូលបានទទួលផ្លូវបេតុងឆ្អឹងដែកដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥ បានចំនួន ០៣ខ្សែ ដោយ០១ខ្សែស្ថិតក្នុងភូមិសំបួរ ប្រវែង ៣០១,២៥ម៉ែត្រ ទទឹង ៥ម៉ែត្រ, ០១ខ្សែទៀត ស្ថិតក្នុងភូមិម័ល ប្រវែង២០០ម៉ែត្រ ទទឹង ០៤ម៉ែត្រ និង០១ខ្សែ ស្ថិតក្នុងភូមិតាឡី ដែលបានចុះពិនិត្យនាព្រឹកនេះ។ដោយ៖ជីម ភារ៉ា ដង្កោ