រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ ប្រាប់​ចិន​ថា៖​ រុស្ស៊ីនិងចិន​ គួរកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក

ចែករំលែក៖

អន្តរជាតិ​៖​ ក្នុង​ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ​របស់​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov នៅប្រទេសចិនពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែមីនា​ ឆ្នាំ​២០២១នេះ មុនចាកចេញពីរុស្ស៊ី លោកLavrov បានលើកឡើងថា ទី​ក្រុង​ប៉េកាំង និងទី​ក្រុងមូស្គូ គួរចាប់ផ្តើមកាត់បន្ថយការប្រើប្រាស់រូបិយវត្ថុនៃបណ្តាប្រទេសលោកខាងលិច និងដុល្លាររបស់អាមេរិក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងរុស្ស៊ី និងចិនដើម្បីប្រឆាំងនឹងអនុត្តរភាពអាមេរិក។

លោក Sergei Lavrov ចាប់ផ្តើមដំណើរទស្សនកិច្ចពីរថ្ងៃនៅចិនតាមការអញ្ជើញរបស់លោកវ៉ាង យី​ រដ្ឋមន្ត្រីការបរទេសចិន។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងបរិបទមួយដែលទំនាក់ទំនងរវាងអាមេរិក ជាមួយចិន និងរុស្ស៊ី​ កំពុង​ធ្លាក់ដុនដាបដែលមិនធ្លាប់មាន។ បន្ទាប់ពី​ប្រមុខការទូតអាមរិក និងចិនទើបតែបញ្ចប់ជំនួបដែលធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែមីនាថ្មីៗនេះ​ ដែលភាគីទាំងសងខាងរិះគន់គ្នាជាសាធារណៈ ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីទើបត្រឡប់ចូលប្រទេសវិញ ក្រោយប្រធានាធិបតីអាមេរិក និយាយថា ប្រធានាធិបតីរុស្ស៊ីជាឃាតករ និងជ្រៀតជ្រែកចូលការបោះឆ្នោតអាមេរិកឆ្នាំ២០២០។

ជាក់ស្ដែង​លោក Lavrov បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនធ្វើដំណើរទៅចិន​ ដោយ​បានបញ្ជាក់ថា​៖ ចិន និងរុស្ស៊ីត្រូវបង្ខំចិត្តអភិវឌ្ឍខ្លួនដោយឯករាជ្យពីអាមេរិក ដើម្បីបង្ការការប៉ុនប៉ងរបស់អាមេរិកក្នុងការរាំងខ្ទប់ការអភិវឌ្ឍបច្ចេកវិទ្យានៃប្រទេសទាំងពីរ។ លោកទំនងចង់សំដៅវិធានការរបស់អាមេរិកលើចិន ឬុរុស្ស៊ីលើការរឹតត្បិតការនាំចេញបច្ចេកវិទ្យាមួយចំនួនទៅប្រទេសទាំងពីរមិនថាតាមរយៈការលក់ ឬវិនិយោគ នៅពេលមានជម្លោះនឹងគ្នាម្ដង។

ប្រមុខការបរទេសរុស្ស៊ីរូបនេះ​ បានលើកឡើងថា​៖«យើងចាំបាច់កាត់បន្ថយហានិភ័យនៃទណ្ឌកម្ម ដោយពង្រឹងឯករាជ្យភាពបច្ចេកវិទ្យា ប្តូរទៅការទូទាត់ប្រាក់ដោយរូបិយវត្ថុជាតិ និងអន្តរជាតិជំនួសអោយដុល្លារ»។ មិនតែប៉ុណ្ណោះ​ប្រមុខការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា៖​ រុស្ស៊ី និងចិន​ ត្រូវឈប់ប្រើប្រាស់រូបិយវត្ថុអន្តរជាតិដែលគ្រប់គ្រងដោយបស្ចិមលោក។

សូមជម្រាបថា រូបិយវត្ថុនៃប្រទេសដែលតម្កល់នៅមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF)និងដែលត្រូវចាត់ទុកជារូបិយវត្ថុរឹងមានដុល្លាររបស់អាមេរិក អឺរ៉ូរបស់សហភាពអឺរ៉ុប ផោនរបស់អង់គ្លេស យេនរបស់ជប៉ុន រ៉ិនមីនប៊ីរបស់ចិន និងហ្វ្រង់របស់ស្វីសជាដើម។

ដោយឡែក​ចំពោះវិធានការដាក់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប លោក Sergei Lavrov ក៏បាននិយាយថា បណ្តាប្រទេសទាំងនោះបានបោះបង់ចោលរបៀបរបបការទូតដែលមានលក្ខណៈជាប្រពៃណីអស់ទៅហើយ។ លោក Lavrov លើកឡើងបន្ថែមថា ចាប់ពីរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា រហូតដល់លោក ដូណាល់ ត្រាំ ការដាក់ទណ្ឌកម្មលើប្រទេសដទៃត្រូវបានអាមេរិកចាត់ទុកជារឿងធម្មតាក្នុងការចាត់តែងកិច្ចការអន្តរជាតិ។ ប៉ុន្តែលោករំឭកថា វាមិនមែនជារឿងល្អឡើយចំពោះការដាក់ទណ្ឌកម្មលើចិន និងរុស្ស៊ី។

លេីសពីនេះ​ សម្រាប់ប្រមុខការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់បន្ថែមថា​ រុស្ស៊ី និងចិនគួរពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជាបន្ទាន់នូវវិធានការគំរាម និងឯកតោភាគីរបស់អាមេរិក ហើយឆ្លៀតឱកាសពង្រឹងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងពង្រឹងកម្លាំងប្រទេសជាតិ។

គួរបញ្ជាក់ថា​ ឆ្នាំ២០២១នេះ គឺជាខួបទី២០ឆ្នាំនៃសន្ធិសញ្ញានៃភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងរុស្ស៊ី និងចិន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសសើរពីកិច្ចសហប្រតិបត្តិការប្រកបដោយថាមភាពរវាងប្រទេសទាំងពីរ និងចាត់ទុកជាមូលដ្ឋានគ្រឹះផ្នែកនយោបាយ និងច្បាប់ក្នុងទំនាក់ទំនងបែបថ្មីនៃប្រទេសទាំងពីរផងដែរ។ បន្ថែមពីនេះ​លោក Lavrov ថា៖​ ចិន និងរុស្ស៊ី​ នឹងពន្យារសន្ធិសញ្ញាខាងលើ ដែលអស់សុពលភាពនៅឆ្នាំនេះផងដែរ៕ដោយ​៖ស​ តារា​

រូបភាព​៖រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov

...

រូបថត​៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print