បង្ក្រាបមុខសញ្ញារៀបគម្រោងការប្លន់ផ្ទះលក់ចាបហួយនៅមុខកំពូល

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចអះអាងថាគឺជាមុខសញ្ញារៀបគម្រោងការប្លន់ផ្ទះលក់ចាប់ហួយនិងជាមុខសញ្ញាធ្វើសកម្មភាពប្លន់ផ្ទះបើកសេវាកម្មផ្ទេរប្រាក់(វីង) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដសហការជាមួយកម្លាំងនគរបាលស្រុក ចាប់ខ្លួនក្រោយពីជនសង្ស័យមិនព្រមឈប់ឲ្យត្រួតពិនិត្យហើយត្រូវសមត្ថកិច្ចសម្រេចចិត្ដផ្ទុះអាវុធ២គ្រាប់ទើបឈានដល់ការចាប់ខ្លួនបាន កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្ដឃុំរកាកោង២ ស្រុកមុខកំពូល ខេត្ដកណ្ដាល ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ហ៊ីង នី ហៅអាមមីស ហៅប៉េន ភេទប្រុស អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្ដស្វាយរៀង មានប្រពន្ធនៅខេត្ដព្រៃវែង និងម្នាក់ទៀតមានឈ្មោះ សុខ ស្រ៊ាន់ ហៅជាតិ ភេទប្រុស អាយុ២៩ឆ្នាំ គ្មានទីលំនៅនិងបុខរបរមិនពិតប្រាកដ ។ ដោយឡែកបក្ខពួកជនសង្ស័យចំនួន២នាក់ទៀតសមត្ថកិច្ចបានស្គាល់អត្ដសញ្ញាណអស់ហើយកំពុងតែបន្ដកិច្ចប្រតិបត្ដិការស្វែងរកចាប់ខ្លួន ។

ប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌខេត្ដបានឲ្យដឹងថា    ដំណើររឿងដែលឈានដល់បង្រ្កាបមុខសញ្ញារៀបគម្រោងការប្លន់ផ្ទះលក់ចាប់ហួយនៅស្រុកមុខកំពូលនេះ គឺផ្ដើមចេញពីក្រុមជនសង្ស័យបានរៀបផែនការតាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយប្រមូលផ្ដុំគ្នារៀបគម្រោងការធ្វើសកម្មភាពនៅ៤គោលដៅ រួមមានភូមិសាស្រ្ដស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ ស្រុកមុខកំពូល និងស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ ដែលស្រុកទាំង៤នេះមានព្រុំប្រទល់នៅជាប់គ្នាហើយងាយស្រួលក្រុមជនសង្ស័យគេចខ្លួននៅពេលណាធ្វើសកម្មភាពប្លន់បានសម្រេច។ តាមផែនការដែលក្រុមជនសង្ស័យរៀបគម្រោងប្លន់ពួកវាប្រើប្រាស់មធ្យោបាយរថយន្ដ១គ្រឿង ម៉ូតូ២គ្រឿងនិងអាវុធវែងខ្លីយ៉ាងតិចក៏៣ដើមដែរ ។ មុនពេលធ្វើសកម្មភាពក្រុមជនសង្ស័យបានបែងចែកកម្លាំងគ្នាចុះទៅមើលភូមិសាស្រ្ដដើម្បីគេចខ្លួនប្រសិនបើគម្រោងការប្លន់បានសម្រេច។

ប្រភពព័ត៌មានបានបន្ដថា ការរៀបចំផែនការដើម្បីធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយ ផ្ទះបើកសេវាកម្មផ្ទេរប្រាក់នេះ ត្រូវបានធ្លាយព័ត៌ដល់សមត្ថកិច្ច ។ បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់កម្លាំងព្រហ្មទណ្ឌក្រសួង ខេត្ដ និងស្រុកបានប្រទាក់ក្រឡាគ្នាតាមដានក្រុមជនសង្ស័យទាំងនោះ ។ លុះដល់រសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ក្រុមជនសង្ស័យបានចេញធ្វើសកម្មភាពដោយប្រើប្រាស់ម៉ូតូ២គ្រឿង ១គ្រឿងជិះគ្នា២នាក់ ១គ្រឿងទៀតជិះតែម្នាក់ឯង ដោយមានដាក់សម្ភារៈសម្រាប់ប្លន់នៅតួម៉ូតូខាងមុខ ។

ដោយឡែកកម្លាំងនគរបាលព្រហ្មទណ្ឌដោយមួយផ្នែកស្លៀកពាក់ស៊ីវិល និងមួយផ្នែកស្លៀកពាក់ឯកសណ្ឋានបានតាមដានមុខសញ្ញាជាប់រហូតដោយប្រើប្រាស់វិធីហៅម៉ូតូជនសង្ស័យឲ្យឈប់ដើម្បីត្រួតពិនិត្យតែជនសង្ស័យមិនឈប់នោះឡើយពោលគឺព្យាយាមជិះម៉ូតូបំបុកម៉ូតូរបស់សមត្ថកិច្ច ។ ដោយការបង្ខំចិត្ដសមត្ថកិច្ចបានសម្រេចផ្ទុះអាវុធ២គ្រាប់បណ្ដាលឲ្យត្រូវជនសង្ស័យម្នាក់ទើបឈានដល់ការចាប់ខ្លួន ដកហូតម៉ូតូ១គ្រឿងនិងម្នាក់ទៀតក៏ត្រូវចាប់ខ្លួនផងដែរ តែមិនមានត្រូវរបួសនោះទេ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតដែលគេចខ្លួនយកអាវុធ២ដើមនិងរថយន្ដ១គ្រឿងទៅជាមួយនោះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយនិងម្នាក់ទៀតរត់ចូលព្រៃកំពុងតែព័ទ្ធចាប់ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ជនសង្ស័យ១ក្រុមនេះគឺជាមុខសញ្ញាធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយ ផ្ទះបើកសេវាកម្មផ្ទេរប្រាក់នៅក្នុងភូមិសាស្រ្ដខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺនិងខេត្ដពោធិសាត់ កន្លងមកកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដកណ្ដាលសហការជាមួយនិងកម្លាំងនគរបាលនៅតាមបណ្ដាស្រុកចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ផល ភេទប្រុស អាយុជាង៣០ឆ្នាំ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្ដកណ្ដាលឥឡូវនេះចាប់បាន២នាក់ទៀតហើយនៅសល់បក្ខពួក២នាក់ទៀតរួមនិងមធ្យោបាយរថយន្ដ១គ្រឿងអាវុធខ្លី២ដើមកំពុងស្វែងរកចាប់ខ្លួន ។

ពាក់ព័ន្ធទៅនឹងការបង្រ្កាបមុខសញ្ញារៀបគម្រោងការប្លន់ផ្ទះលក់ចាប់ហួយនេះដែរ លោកឧត្ដមសេនីយ៏ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាលដែលដឹកនាំចុះបង្រ្កាបផ្ទាល់បានប្រាប់ថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននៅពេលនេះគឺជាមុខសញ្ញាប្លន់ផ្ទះបើកសេវាកម្មផ្ទេរបា្រក់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ហើយបក្ខពួកជនសង្ស័យម្នាក់ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរមានឈ្មោះ អា ផល ។ ដោយទទួលបានព័ត៌មានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ដកណ្ដាលបានសហការជាមួយនិងកម្លាំងព្រហ្មទណ្ឌតាមបណ្ដាខេត្ដមួយចំនួនទៀតដូចជា ព្រៃវែង ស្វាយរៀង និងខេត្ដពោធិ៍សាត់ បានប្រទាក់ក្រឡាគ្នាតាមដានមុខសញ្ញាប្លន់ ។ លុះដល់ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមជនសង្ស័យត្រូវបានបង្រ្កាបមុនពេលពួកវាធ្វើសកម្មភាពប្លន់ផ្ទះលក់ចាប់ហួយមួយកន្លែងនៅឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល ។ បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហ៊ីង នី ហៅអាមមីស ហៅប៉េន មានដីកាចាប់ខ្លួនរហូតដល់៣ខេត្ដ ព្រៃវែង ស្វាយរៀង និងពោធិ៍សាត់ ដោយឡែកមុខសញ្ញាម្នាក់ទៀតដែលនាំយករថយន្ដនិងអាវុធទៅជាមួយសមត្ថកិច្ចស្គាល់អត្ដសញ្ញាហើយ ៕

IMG-20160303-WA0010

IMG-20160303-WA0012

IMG-20160303-WA0009

ដោយ៖ ស្អាងជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print