ខេត្តកំពង់ឆ្នាំង៖ ក្រុមជើងខ្លាំងខាងបង្ហោះម៉ូតូមុខសាលារៀន ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងកំពង់ឆ្នាំងប្រម៉ាញ់ចាប់បានក្រោយពីក្មេងស្ទាវមួយក្រុមនេះ បានធ្វើសកម្មភាពបង្ហោះម៉ូតូ ជាញឹកញាប់នៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានអោយដឹងថា ក្មេងស្ទាវទាំង២នាក់នេះ ម្នាក់ឈ្មោះបេ ម៉ារ៉ូណា ប្រុសអាយុ១៦ឆ្នាំ ជាអ្នកបើកបង្ហោះ និងម្នាក់ទៀតឈ្មោះសែម កុំហូរ ភេទប្រុស អាយុ១៤ឆ្នាំអ្នកជិះពីក្រោយ ស្ទាវទាំង២នាក់នេះ មានទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំពោះម៉ូតូដែលក្មេងស្ទាវនេះជិះបង្ហោះនោះម៉ាកហុងដាគប់ សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ១B -៥៦៥០ ។
សមត្ថកិច្ចបានអោយដឹងថា ជារៀងរាល់ថ្ងៃក្មេងស្ទាវទាំង២នាក់នេះតែងតែនាំគ្នាជិះម៉ូតូមកបង្ហោះនៅមុខសាលវិទ្យាល័យក្រុងកំពង់ឆ្នាំងជាញឹកញាប់ ចន្លោះពីម៉ោង៣ ទៅម៉ោង៥ល្ងាច ក្នុងពេលដែលសិស្សចេញពីសាលា ។ ហើយរាល់ពេលបង្ហោះពេលដែលឃើញសមត្ថកិច្ច ឬលោកគ្រូ អ្នកគ្រូ ក្មេងស្ទាវធ្វើមុខឌឺ ដាក់សមត្ថកិច្ច និងគ្រូៗទៀតផង ទោះបីជាសមត្ថកិច្ចប្រាប់យ៉ាងណាក៍នៅតែបង្ហោះដដែល ។ ដោយសារតែមិនស្តាប់រាល់ការប្រាប់របស់សមត្ថកិច្ច និងគ្រូៗនោះកាលពីថ្ងៃទី២ ខែមិនា សមត្ថកិច្ចចាំមើល ក៍ឃើញបង្ហោះម៉ូតូទៀត រួចក៍នាំគ្នាចាប់តែម្តង យកមកធ្វើការអប់រំ និង ធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពបង្ហោះម៉ូតូនេះព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់នៃ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្ស តាមផ្លូវសាធារណៈ។ ក្រោយពីអប់រំ ធ្វើកិច្ចសន្យា សមត្ថកិច្ចដោះលែងអោយទៅផ្ទះវិញ ៕
ដោយ៖ ចន្ថា