ខេត្តតាកែវ៖ ជនសង្ស័យចំនួន ២នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងករងជរាអាវុធហត្ថលើផ្ទៃប្រទេស បេីកប្រតិបត្តិការចុះបង្រ្កាបនិងឃាត់ខ្លួនជាក់ស្ដែង ដោយម្នាក់ឃាត់ខ្លួនបាន នៅស្រុកសំរោង ខេត្តតាកែវ និងម្នាក់ទៀត ឃាត់ខ្លួនបាននៅរាជធានីភ្នំពេញ និងរឹបអូសវត្ថុតាងថ្នាំញៀន ប្រភេទម្សៅក្រាម ពណ៌សថ្លាជិត ៦គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
ជាក់ស្ដែងជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុនិងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន ១កញ្ចប់ធំ ទម្ងន់ ២៥,៩១ ក្រាម; ទូរស័ព្ទចំនួន ១គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បន្តថា ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យឈ្មោះ ចែម គីមស្រ៊ុន បានសារភាពថា ខ្លួនជាអ្នកដឹកជញ្ជូនគ្រឿងញៀន ពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិ ព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បន្ទាប់មកដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ លោក ជីវ ចាន់តារា ភ្លាមនោះ កម្លាំងមានសមត្ថកិច្ច ក៏ធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជា រួមដោយ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្ក្រាប បទល្មើស បានចុះទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង ច្រឹប ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រួមនឹងម្សៅក្រាម ពណ៌សថ្លា (ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល ៥០០ ក្រាម ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ PP-1IR-4377 ភ្នំពេញ។ រួចបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥ និង៤០នាទី បានរកឃើញ ក្រាមពណ៌សថ្លា (ICE) ចំនួន ៥ ដុំធំ ទម្ងន់ប្រហែល ៥ គីឡូក្រាម ស្លាកលេខរថយន្ត ចំនួន០៦ ស្មើនឹង ៣ រថយន្ត ស្លាកលេខ កោះកុង 2A-0435 , ភ្នំពេញ 2A-7793 , ភ្នំពេញ 2N-4163 នៅចំពោះមុខ ជនសង្ស័យ បានទទួលស្គាល់វត្ថុតាង ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន។
ក្រោយប្រតិបត្តិការរួចកម្លាំងជំនាញ បានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យ លទ្ធផលតេស្តមានចេញពណ៌ត្នោតលឿងទុំ ដូចមានក្នុងគីមីពិសោធន៍ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តតាកែវ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី