ខេត្ដសៀមរាប៖កាលពីថ្ងៃទី០៣ខែមិនា ឆ្នាំ២០១៦នេះ អង្គការទាំងអស់គ្នាដើម្បីកម្ពុជាបានបើកសម្ភោធដាក់ឲ្យប្របើប្រាស់ជាផ្លូវការនូវអាគារ៧ខ្នង និងទីលានកីឡាមួយកន្លែងរបស់ខ្លួន ដែលបានសាងសង់រួចនៅដើមឆ្នាំ២០១៦នេះ ក្រោមអធិបតេ្យភាពលោក ឃឹម ប៊ុនសុង អភិបាលខេត្ដសៀមរាប។
ការបើកសម្ភោធនេះ ធ្វើឡើងស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មានការចូលរួមពីមន្ដ្រីរាជការសិស្សនុសិស្សនិងប្រជាពលរដ្ឋរាប់រយនាក់ផងដែរ។
លោក អ៊ុក ពិសិទ្ធ នាយកប្រតិបត្ដិ អង្គការទាំងអស់គ្នាដើម្បីកម្ពុជា បានថ្លែងថា នេះជាពេលវេលាមួយដ៍មហានក្ខត្ដឬក្សដែលអង្គការលោកមានកិតិយសរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវអាគារចំនួន៧ខ្នង ទីលានកីឡាមួយដែលបានរៀបចំរួចរាល់ជាស្ថាពរនាដើមឆ្នាំ២០១៦នេះ។លោកបានបន្ដថា វិស័យអប់រំគឺជាអទិភាពមួយក្នុងចំណោមវិស័យអទិភាពផ្សេងទៀតនៃផែនការយុទ្ធិសាស្ដ្រអភិវឌ្ឍសេដ្ឋកិច្ច និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទីបីរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃព្រះរាជណាចក្រកម្ពុជា ។លោកមានប្រសាសន៍បន្ថែមថា អង្គការទាំងអស់គ្នាដើម្បីកម្ពុជា គឺជាអង្គការមួយមិនបំរើនយោបាយ មិនរកប្រាក់ចំណូលមិនរើសអើង ដែលបានបង្កើតឡើងបន្ទាប់ពីពិនិត្យឃើញថា មានកុមារជាមួយចំនួនត្រូវបានអាណាព្យាបាលបោះបង់ចោល ព្រោះតែភាពខ្វះខាតជីវភាពធ្វើអោយឪពុកម្ដាយទាំងនោះគ្មានលទ្ធភាពបញ្ជូនកូនពួកគេទៅសាលារៀនអោយបានទៀតទាតហើយជាហេតុនាំឲ្យមានការកេងប្រវ័ញ្ចផ្លូវពលកម្មកុមារយ៉ាងធ្ងន់ធ្ងរ ហេតុនេះមជ្ឍមណ្ឌលសំរាប់កុមាររស់នៅបណ្ដោះអាសន្ននឹងមិនអាចខ្វះបានឡើយក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ននេះ។នាយកប្រតិបត្ដិអង្គការរូបនោះ បានបន្ថែមថា អាគារចំនួន៧ខ្នង និងទីលានកីឡារបស់អង្គការទាំងអស់គ្នាដើម្បីកម្ពុជាផងនោះ បានចំណាយថវិកាសរុប៧៩៤,២១៣ដុល្លាសហរដ្ឋអាមេរិក ដែលក្នុងនោះមានបន្ទប់ការិយាល័យ អាគារប្រឹក្សាសង្គ្រោះបន្ទាន់ ផ្ទះបាយ សាលាប្រជុំ បន្ទប់ក្មេងប្រុស្រី ស្នាក់នៅ បន្ទប់ទឹកជាដើម។ជាមួយគ្នានោះលោក៍បានថ្លៃអំណរគុណដល់សប្បុរសជនជាតិនិងអន្ដរជាតិ ដែលបានគៀងគរថវិកាមកប្រតិបត្ដិក្នុងការអង្គការនេះនាំឲ្យទទួលបានសមិទ្ធិផលក្នងរយៈពេលខ្លីដើម្បីជួយផ្ដល់ដល់អនាគតល្អដល់កុមារឲ្យបានល្អប្រសើរផងដែរ។លោកក៍បានថ្លែងកោតសសើរដល់អាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមឲ្យមានអង្គការទាំងអស់គ្នាដើម្បីកម្ពុជានៅតំបន់ទេសចរណ៍នេះផងដែរ៕ដោយៈជានិរន្ដរ៍







