តាមរូបថតនៅលើបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា ការធ្វើបាតុកម្មតវ៉ាមួយចំនួនបានចាប់ផ្តើមរួចរាល់ហើយនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ។ លុះដល់ពេលយប់ គេឃើញភ្លើងទៀនភ្លីព្រោងព្រាតទូទាំងប្រទេសដែលដុតបំភ្លឺដោយពលរដ្ឋមីយ៉ាន់ម៉ាដើម្បីជាការប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយយោធា។
នៅសង្កាត់ថាន់លីយីន (Thanlyin) ដែលស្ថិតនៅជាយនៃទីក្រុងរ៉ង់ហ្គូន ក្រុមបាតុករបានលើកផ្ទាំងបដាជាច្រើនដោយសរសេរថា «យើងមិនទទួលយកការធ្វើរដ្ឋប្រហារយោធាទេ» ខណៈបុគ្គលិកពេទ្យពាក់អាវពណ៌សបានដើរដង្ហែក្បួននៅឯទីក្រុងម៉ាន់ដាឡាយ (Mandalay)។
គួរបញ្ជាក់ថា បើតាមសមាគមអ្នកផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បានអះអាងថា មានមនុស្សយ៉ាងហោចណាស់ ២៨៦នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបភាពចលាចល ពីសំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈមក ខណៈមនុស្សយ៉ាងហោចណាស់៥នាក់ទៀតបានរងរបួសពេញមួយយប់ នៅក្នុងបាតុកម្មតវ៉ានៅឯទីក្រុង Mandalay។ ដោយឡែកយោធាមីយ៉ាន់ម៉ា ដែលទើបចេញសេចក្តីថ្លែងការណ៍ដ៏កម្រមួយកាលពីដើមសប្តាហ៍នេះបានអះអាងថា ក្រុមបាតុករសរុប១៦៤នាក់ រួមទាំងកងកម្លាំងសន្តិសុខ៩នាក់បានស្លាប់៕
រូបភាព៖ Reuters