រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖​ អំពាវនាវឲ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ​ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល

ចែករំលែក៖

អន្តរជាតិ​៖​ បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន​ ៤គ្រាប់​ ក្នុង​រយៈ​ពេល​តែមួយ​សប្ដាហ៍ប៉ុណ្ណោះ​ ដែលក្រុងសេអូលវាយតម្លៃថា ជាមីស៊ីលបាលីស្ទិកបាញ់ទៅក្នុងសមុទ្រជប៉ុន។ ស្រាប់​តែ​នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២១​ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov​ បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពលើឧបទ្វីបកូរ៉េ និងបង្ការការរីកសាយនៃសកម្មភាពយោធានៅក្នុងតំបន់។

ជាក់ស្ដែង​ប្រមុខការទូតរុស្ស៊ី លោក Sergey Lavrov ក្រោយបញ្ចប់ទស្សនកិច្ចនៅទឹកដី​ បានបន្តទស្សនកិច្ចនៅកូរ៉េខាងត្បូងបន្តទៀត។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រមុខការទូតរុស្ស៊ីនៅសេអ៊ូលនៅប៉ុន្មានឆ្នាំចុងក្រោយ។

ប្រធានបទកូរ៉េខាងជើង ក៏ត្រូវបានជជែកក្នុងជំនួបរវាងលោក lavrov និងសមភាគីកូរ៉េខាងត្បូង Chung Eui-yong។ ក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ប្រមុខការទូតរុស្ស៊ី បានអំពាវនាវឱ្យមានកិច្ចខិតខំរក្សាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ ដែលជាតំបន់ជាប់ទឹកដីខ្លួន។

លោក Lavrov បានលើកឡើងបន្តទៀតថា៖«ខ្ញុំសូមបញ្ជាក់ពីសារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីបូព៌ា ក៏ដូចជាឧបទ្វីបកូរ៉េ»។ លោក Lavrov បន្ថែមថា ចំពោះបញ្ហាព្រួយបារម្ភដូចជាសកម្មភាពយោធា និងការរត់ប្រណាំសព្វាវុធ គួរតែត្រូវបោះបង់ចោល ដើម្បីបង្ការកុំឱ្យមានជម្លោះ ឬការប៉ះទង្គិចណាមួយកើតឡើង។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap​ ដោយដកស្រង់ការលើកឡើងបែបនេះរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី​ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ ទៅក្នុងសមុទ្រខាងកើត។ បើតាមយោធាកូរ៉េខាងត្បូង មីស៊ីលទាំងពីរគ្រាប់នេះ ទំនងជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយខ្លី ដែលបានបាញ់ចេញពីខេត្ត South Hamgyong នៅម៉ោង ៧ព្រឹក។ មីស៊ីលទាំងពីរគ្រាប់ខាងលើ ហោះបានចម្ងាយ ៤៥០គីឡូម៉ែត្រ និងកម្ពស់ ៦០ម៉ែត្រ មុននឹងធ្លាក់ទៅក្នុងសមុទ្រជប៉ុន។

បេីតាមរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Chung Eui-yong ទាក់ទិននឹងការប៉ាញ់មីស៊ីលជាថ្មីបែបនេះ​ ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងអំពាវនាវឱ្យមានការគាំទ្រ និងជួយរក្សាសន្តិភាពឧបទ្វីបកូរ៉េពីសំណាក់រុស្ស៊ី។

សូមជម្រាបថា​ រុស្ស៊ី បានឯកភាពក្នុងការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយកូរ៉េខាងត្បូង ដើម្បីចូលរួមចំណែកក្នុងដំណើរសន្តិភាពលើឧបទ្វីបកូរ៉េ។ ទន្ទឹម​នឹង​នេះ​ ប្រមុខការទូតកូរ៉េខាងត្បូង បានចាត់ទុកទំនាក់ទំនងក្រុងសេអូល និងក្រុងមូស្គូ ជាដៃគូរួមដំណើរសម្រាប់សន្តិភាព វិបុលភាព នៅលើឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ដែរថា​ ក្នុងទស្សនកិច្ចមកកូរ៉េខាងត្បូង ប្រមុខការទូតប្រទេសទាំងពីរ​ បានជជែកលើបញ្ហាជាច្រើនរួមមានការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការផ្តោះប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងបញ្ហាជាច្រើនទៀត។ ដោយឡែក​ក្នុងជំនួបប្រមុខការទូតទាំងពីរ កូរ៉េខាងត្បូង ក៏បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យមកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងផងដែរ៕ដោយ​៖ស​ តារា​

រូបភាព​៖​ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov ត្រូវបានស្វាគមន៍ដោយសមភាគីកូរ៉េខាងត្បូង Chung Eui-yong

...

រូបថត៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print