ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាមេខ្យល់១នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ខែមីនា ឆ្នាំ២០២១នេះ ជាប់ពាក់ព័ន្ធពីបទនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។ ជនសង្ស័យមានឈ្មោះ ទូច សម្បត្តិ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកអធិការស្រុកម៉ាឡៃបេន សំអាតបានប្រាប់ថា ជនសង្ស័យរូបនេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០និង៣០នាទីឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះដកហូតបានរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2F-5584 មានដឹកពលករខ្មែរចំនួន៥នាក់ពីស្រុកសំពៅលូន ទៅកាន់ស្រុកម៉ាឡៃ ដើម្បីឆ្លងទៅប្រទេសថៃ ។
លោកអធិការបានបញ្ជាក់ថា តាមការបំភ្លឺរបស់ពលករទាំង៥នាក់បានរៀបរាប់ថា ពួកខ្លួនត្រូវបានមនុស្ស១នាក់(មិនស្គាល់អត្តសញ្ញាណ) ខលតាមទូរស័ព្ទប្រាប់ឲ្យរង់ចាំបន្តិចទៀតនឹងមានរថយន្តមកដឹក ពេលនោះក៏មានរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-5584 មកដឹកពួកខ្លួនទាំង៥នាក់ពីស្រុកសំពៅលូនទៅកាន់ស្រុកម៉ាឡៃដើម្បីឆ្លងទៅប្រទេសថៃ ដោយក្នុង១នាក់គេយកថ្លៃ៥០០បាត។ លុះជិះរថយន្តនោះមកដល់នៅចំណុចភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ អ្នកបើកឡានឈ្មោះទូច សម្បត្តិនេះបានឈប់ឡានបើកទ្វារឲ្យពួកខ្លួនរត់ ប៉ុន្តែរត់រួចតែ២នាក់ ចំណែក៣នាក់ទៀតចេញពីរថយន្តមិនរួចព្រោះទាក់និឹងដែកដែលអ្នកបើកបររថយន្តដាក់បង្កប់ដើម្បីលាក់ពលករ។
អធិការនគរបាលស្រុកម៉ាឡៃ បេន សំអាត បានបញ្ជាក់ទៀតថា បើតាមចម្លើយរបស់ជនសង្ស័យឈ្មោះទូច សម្បត្តិ បានសារភាពថា ខ្លួនពិតជាបានទំនាក់ទំនងនិងដឹកពលករទាំង៥នាក់នោះមែន ដោយ១នាក់គេយកតម្លៃ៥០០បាតពីស្រុកសំពៅលូនទៅស្រុកម៉ាឡៃ និងបានបើកទ្វារឡានឲ្យពលកររត់នៅពេលឃើញសមត្ថកិច្ចមកដល់ ។
លោកឡាយ គឹមលួននាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានបញ្ជាក់ផងដែរថា ដោយផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង៥នាក់និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះទូច សម្បត្តិ បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះហើយដែរ៕ ដោយវណ្ណា