​បន្ទាប់​ពី​ដាក់​ជញ្ជីង​នៅ​ត្រើយ​ខាងកើត​អ្នក​លឿង​ រថយន្ត​២​គ្រឿង​ផ្ទុកទំនិញ​ជាង​៦០​តោន​មក​ដល់​ច្បារ​អំពៅ​

ចែករំលែក៖

​ភ្នំពេញ​៖​ វា​ជា​រឿង​ដែល​គួរ​ឲ្យ​ឆ្ងល់​ មហា​សែន​ឆ្ងល់​ ដែល​សមត្ថកិច្ច​ក្រសួង​សាធារណការ​ បាន​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ក្បាលស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​ ប្រយោជន៍​ដើម្បី​តាម​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ ។​ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២​ ខែមីនា​ រថយន្ត​ដឹក​ទំនិញ​២​គ្រឿង​ ដែល​មួយ​គ្រឿងៗ​មាន​ទម្ងន់​ច្រើន​ជាង​៦០​តោន​បាន​ឆ្លងស្ពាន​អ្នក​លឿង​ ឬ​ត្សឹ​បា​សា​ បាន​ដោយ​សុវត្ថិភាព​ ធ្វើ​ដំណើរ​រហូត​ដល់​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ ទើប​សមត្ថកិច្ច​ចាប់​បាន​ ។​ ប្រជាពលរដ្ឋ​ដែល​មានការ​ចេះ​ដឹង​តិចតួច​លើក​ជា​ច​ម្ង​ល់​ថា​ តើ​រថយន្ត​ធំ​ប៉ុន​មេឃ​ទាំងនោះ​បើក​ឆ្លងកាត់​កន្លែង​ថ្លឹង​រថយន្ត​នៅ​ក្បាលស្ពាន​អ្នក​លឿង​ខាងកើត​បាន​យ៉ាងដូច​ម្តេចទៅ​?​ ។​

​លោក​ រស់​ សុ​ភក្ត្រ​ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដែល​ដឹកនាំ​កម្លាំង​បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​ ព្រោះតែ​បើកបរ​ខុសផ្លូវ​នោះ​បាន​ដកស្រង់​សម្តី​អ្នកបើកបរ​រថយន្ត​លើស​ទម្ងន់​ទាំង​២​នាក់​នោះ​ថា​ ពួក​គេ​បាន​ដឹក​ទំនិញ​ចេញពី​ខេត្តស្វាយរៀង​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ ក្នុង​ទិស​ដៅ​ទៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ ។​ លោក​អភិបាលរង​បាន​បន្ត​ថា​ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ឃើញ​រថយន្ត​ដឹក​ទំនិញ​នោះ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១​ ទី​ដែល​កំពុង​បើក​ការដ្ឋាន​ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ឆ្លងកាត់​ ។​ ទីបំផុត​ទើប​ដឹង​ថា​ រថយន្ត​នោះ​ផ្ទុកទំនិញ​ច្រើន​ជាង​៦០​តោន​ ។​ លោក​អភិបាលរង​ក៏​ឆ្ងល់​ដែរ​ថា​ តើ​រថយន្ត​ដឹក​ទំនិញ​ទាំងនេះ​ បើកបរ​តាម​ផ្លូវជាតិ​លេខ​១​ដែល​មាន​កន្លែង​ថ្លឹង​រថយន្ត​ជា​ច្រើន​នោះ​ ឆ្លងកាត់​ដោយ​វិធី​ណា​?​

​គេ​មិនដឹង​ថា​ តើ​រថយន្ត​លើស​ទម្ងន់​ទាំង​ពីរ​គ្រឿង​បាន​ឆ្លង​ប៉ុស្តិ៍​ជញ្ជីង​ត្រួតពិនិត្យ​នៅ​ក្បាលស្ពាន​អ្នក​លឿង​ត្រើយ​ខាងកើត​ដែរ​ឬ​យ៉ាងណា​នោះ​ទេ​?​ ប៉ុន្តែ​ដូច​ជា​គ្មាន​ផ្លូវ​វាង​នោះ​ទេ​ ។​ ដូច្នេះ​ ប្រហែលជា​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ អាច​ចេះ​បំបាំងកាយ​ធ្វើ​ឲ្យ​កូនចៅ​លោក​រដ្ឋមន្ត្រី​ត្រាំ​ អ៊ី​វ​តឹក​ មើល​មិនឃើញ​ ។​

​រឿងរ៉ាវ​ដដែល​នេះ​ គឺ​ករណី​ម្ចាស់​រថយន្ត​ដឹក​អង្ករ​៧០​តោន​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅឡើយ​ បើ​ទោះបីជា​បាន​ស្គាល់​អត្តសញ្ញាណ​ទាំង​ប្តី​ ទាំង​ប្រពន្ធ​ក៏​ដោយ​ ។​ ករណី​មួយ​នេះ​ មិនមែន​មាន​ប្រតិកម្ម​តែ​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​សម្តេច​ក្រឡាហោម​ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក៏​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ម្ចាស់​រថយន្ត​ដឹក​អង្ករ​នោះ​ដែរ​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ករណី​ម្ចាស់​រថយន្ត​ដឹក​អង្ករ​៧០​តោន​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​ ទំនងជា​ត្រូវ​ខ័​ណ្ឌ​ចប់​ ។​

​នរណា​ក៏​ដឹង​ដែរ​ថា​ អ្នកស្រី​ ម៉ែ​ន​ ចាន់​បុប្ផា​ ជា​ម្ចាស់​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​នោះ​ ។​ អ្នកស្រី​អាច​រត់គេច​មួយ​រយៈ​ទៅ​លាក់ខ្លួន​នៅ​បរទេស​ ដែល​សមត្ថកិច្ច​ពិតជា​គ្មាន​លទ្ធភាព​ទៅ​តាម​ចាប់​យក​មក​ឲ្យ​ប្រឈម​នឹង​ច្បាប់​ស្រុក​ទេស​ពិតមែន​ ។​ ប៉ុន្តែ​ស្វាមី​អ្នកស្រី​ គឺ​លោក​ ឃឹម​ រម​នី​ អតីតមន្ត្រី​នៅ​កំពង់ចម្លង​អ្នក​លឿង​ បាន​រត់ការ​ឡើង​ធ្វើ​ជា​អនុប្រធាន​ មន្ទីរ​សាធារណការ​ខេត្តរតនគិរី​ ទទួល​បន្ទុក​ខាង​ជញ្ជីង​ អាច​ជា​អ្នក​ទទួលខុសត្រូវ​បន្ទាប់​ពី​ភរិយា​របស់​គាត់​រត់គេច​បាត់​។​

​ប៉ុន្តែ​អ្វីៗ​ពាក់ព័ន្ធ​នឹង​ករណី​រថយន្ត​ដឹក​អង្ករ​ទម្ងន់​ជាង​៧០​តោន​ឆ្លងកាត់​ស្ពាន​ត្សឹ​បា​សា​នោះ​ គ្រប់​ស្ថាប័ន​ហាក់ដូចជា​ចង់​បញ្ចប់រឿង​នេះ​ដោយ​ស្ងាត់ស្ងៀម​ បើ​ទោះបីជា​ប្រមុខ​រដ្ឋាភិបាល​ និង​សម្តេច​ឧបនាយករដ្ឋមន្ត្រី​ប្រតិកម្ម​ក៏​ដោយ​ ។​ បើ​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​សម្តេច​ឧបនាយករដ្ឋមន្ត្រី​ប្រតិកម្ម​ហើយ​ នៅ​តែ​មិន​អាច​ធ្វើ​បាន​ចំពោះ​ករណី​ជន​បំពាន​ច្បាប់​ម្នាក់​នេះ​ ដូច្នេះ​វា​គួរតែ​ ខ័​ណ្ឌ​ចប់​ មែន​ ៕​

we4

sew (1)

sew

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print