នៅព្រឹកថ្ងៃទី៣ខែមីនា កូរ៉េខាងជើងបានបាញ់មីស៊ីុលចូលទៅសមុទ្រ ចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មទៅលើប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកMoon Sang Gyun បានឲ្យដឹងថា កាំជ្រួចមីស៊ីិលដែលកូរ៉េខាងជើងបាញ់ទៅកាន់សមុទ្រនោះជាប្រភេទចម្ងាយខ្លី ហើយមីស៊ីុលទាំងនោះបានធ្លាក់ចូលក្នុងសមុទ្រទាំងអស់។
សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងចំពេលដែល អង្គការសហប្រជាជាតិបានអនុម័តទៅលើសេចក្តីសម្រេចដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ក្រោយប្រទេសនេះសាកល្បងគ្រាប់បែកបរមាណូនិងមីិស៊ីុលឆ្លងទ្វីប។
ការដាក់ទណ្ឌកម្មថ្មីនោះមាន ការត្រួតពិនិត្យទំនិញនាំចេញរបស់កូរ៉េខាងជើងតាមផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស។ ហាមប្រាមកូរ៉េខាងជើងធ្វើសម្មភាពទិញដូរសព្វាវុធ គ្រប់ប្រភេទ និងបណ្តេញមន្ត្រីការទូតកូរ៉េខាងជើងរូបណាដែលបានចូលរួមសកម្មភាពល្មើសច្បាប់ដែលអង្គការសហប្រជាជាតិបានអនុម័ត។
សារព័ត៌មានយ៉ុងហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា សេចក្ដីព្រោងច្បាប់របស់អង្គការសហប្រជាជាតិស្ដីពីសំណើ ដាក់ស្ថាប័នមួយចំនួនរបស់កូរ៉េខាងជើងចូលក្នុងបញ្ជីខ្មៅនោះគឺមានស្ថាប័នចំនួន ៣ដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូ និង កាំជ្រួចមីស៊ីុលព្រមទាំងសកម្មភាពចារកម្ម ។
ក្រសួងដែលត្រូវដាក់ចូលក្នុងបញ្ជីខ្មៅនោះមាន ក្រសួងចារកម្ម ក្រសួង ឧស្សាហកម្ម និងថាមពល និងក្រសួង អភិវឌ្ឍន៍អវកាសជាតិកូរ៉េខាងជើង ។
តាមប្រភពព័ត៌មាននេះគឺមានស្ថាប័ន ៣ក្នុងចំណោមស្ថាប័នជាង៣០ ដែលពាក់ព័ន្ធនឹងកម្មវិធីបរមាណូ។ ក្រៅពីនេះ ក្រុមហ៊ុនពាណិជ្ចកម្ម និងហិរញ្ញវត្ថុរបស់ កូរ៉េខាងជើងក៏ត្រូវទទួលទណ្ឌកម្មផងដែរ ។
អាមេរិកនិងចិនកំពុងតែពិភាក្សាគ្នាស្ដីអំពីការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េ ខាងជើង ដោយក្នុងនោះអាមេរិក និង ចិនបានឯកភាពគ្នាដាក់ទណ្ឌកម្មទៅលើថាមពលដែលអាចផលិតបរមាណូបាន។ គម្រោងដាក់ទណ្ឌកម្មបន្ថែមរបស់អ.ស.ប នឹងត្រូវបានអនុម័តនៅថ្ងៃទី២៦ ខែមីនា នេះ ប្រសិនបើគ្មានការរារាំងណាមួយ នោះទេ ។
ស្ថានភាពរបស់កូរ៉េខាងជើងកាន់តែ ធ្វើឱ្យសហគមន៍អន្ដរជាតិ ពិសេសគឺប្រទេសជិតខាងបង្ហាញការខឹងសម្បារ យ៉ាងខ្លាំង។ នៅពេលនេះកូរ៉េខាងជើង បាត់បង់ប្រភពចំណូលយ៉ាងសំខាន់គឺនៅតំបន់ឧស្សាហកម្មកេសុង ដែលជួយផ្ដល់ ការងារធ្វើដល់ពលរដ្ឋកូរ៉េខាងជើងរាប់ សិបម៉ឺុននាក់ ក៏ដូចជាផ្ដល់ប្រាក់ជាច្រើន សម្រាប់ការអនុវត្ដគម្រោងបរមាណូ របស់ទីក្រុងព្យុងយ៉ាង ។
មួយវិញទៀតប្រសិនបើអាមេរិក អូសទាញចិនចូលរួមដាក់ទណ្ឌកម្មកូរ៉េខាងជើងទៀតនោះប្រទេសនេះប្រាកដជាបាត់បង់ប្រភពចំណូល និងធ្វើឱ្យសេដ្ឋកិច្ច កាន់តែវេទនាថែមទៀត ។
សកម្មភាពរបស់កូរ៉េខាងជើងនា ពេលកន្លងមកបង្ហាញឱ្យឃើញថាទីក្រុងព្យុងយ៉ាង កំពុងតែធ្វើឱ្យខ្លួនកាន់តែវេទ នានៅពេលដែលប្រទេសជិតខាង ដូចជា កូរ៉េខាងត្បូងនិងចិនឈប់ផ្ដល់ជំនួយស្បៀង អាហារដល់ពលរដ្ឋក្រីក្រក្នុងប្រទេសនេះ។
នៅពេលនេះចិនកំពុងតែរងសម្ពាធយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិឱ្យចូលរួមដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្រោយពេលដែលប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូ និងកាំជ្រួចមី ស៊ីុលបំពានទៅលើទណ្ឌកម្មរបស់សហ គមន៍អន្ដរជាតិ ។
សភាអាមេរិកបានអនុម័តច្បាប់ដាក់ ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង។ នៅក្នុងការបោះឆ្នោតអនុម័តច្បាប់សភា អាមេរិកមានសំឡេងគាំទ្រការដាក់ទណ្ឌកម្មបន្ថែមរហូតដល់ទៅ៤០៨-២សំឡេង។ នៅពេលនេះច្បាប់បានបញ្ជូនទៅកាន់ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយដើម្បីចុះហត្ថលេខាចូលជាធរ មាន ។
បណ្ដាតំណាងរាស្ដ្រអាមេរិកបានបង្ហាញ ការគាំទ្រទៅលើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក្នុងការបង្កើនការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងបន្ថែម។អង្គការសហ ប្រជាជាតិក៏បានបង្ខំឱ្យរដ្ឋាភិបាលប្រទេស ជាច្រើនទៀតក្នុងនោះមានចិនជាដើម ដែលជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធនឹងកូរ៉េខាងជើងចូលរួមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើប្រទេសនេះដើម្បីឱ្យទីក្រុងព្យុងយ៉ាងបោះបង់កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីល ជាការគំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ ទាំងមូល ។
កន្លងមក អ ស បបានពន្យាពេល ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងតាមសំណើររបស់ភាគីរុស្សីដើម្បីឲ្យប្រទេសនេះ ពិចារណាឡើងវិញនៅសកម្មភាពរបស់ខ្លួន ក្រោយកិច្ចពិភាក្សាស្តីពីបន្ថែមទណ្ឌកម្មលើកូរ៉េខាងជើងតាមសំណើររបស់អាមេរិក។រុស្ស៊ីបានស្នើរពន្យាពេល២៤ម៉ោងបន្ថែមដើម្បីពិចារណលើការដាក់ទណ្ឌកម្មទាំងនោះ។
លោកVitaly Churkin អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា« សេចក្តីសម្រេចដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងគឺជាការចាំបាច់ ហើយអាចប្រឈមនិងបញ្ហាជាច្រើនពីកូរ៉េខាងជើង ដូច្នេះត្រូវតែពិចារណាឲ្យបានល្អិតល្អន់បំផុត។
កាលពីសប្តាហ៍កន្លងមកអាមេរិកបានដាក់សំណើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក១៥ប្រទេសស្តីពីគម្រោងដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើង ក្រោយពេលដែលប្រទេសនេះសាកល្បងគ្រាប់បែកបរមាណូកាលពីថ្ងៃទី៦ខែមករានិងបាញ់បង្ហោះមីស៊ីលឆ្លងទ្វីបកាលពីថ្ងៃទី៧ខែកុម្ភៈ។
ក្រោយរយៈពេលជិតពីរខែពិភាក្សាទ្វេភាគី រវាងចិននិងអាមេរិកក្នុងនោះមានប្រធានាធិបតីអូបាម៉ានិងប្រធានាធិបតីស៊ីជីងពីង ទីបំផុតទីក្រុងប៉េកាំក៏បានចូលរួមដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ។
កូរ៉េខាងជើងទទួលរងការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិនៅឆ្នាំ២០០៦មក ដោយសារតែការសាកល្បងគ្រាប់បែកបរមាណូនិងកាំជ្រួចមីស៊ីល។ ប៉ុន្តែចំណែកកូរ៉េខាងជើងវិញ មិនដែលខ្វល់ពីការដាក់ទណ្ឌកម្មនោះឡើយ គឺនៅតែបន្តសកម្មភាពបរមាណូរបស់ខ្លួនដដែល ដើម្បីការពារខ្លួនគេចផុតពីការវាយប្រហាររបស់អាមេរិកនិងកូរ៉េខាងត្បូងដោយសារតែឧប្បទ្វីបកូរ៉េស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមដដែល។ សង្គ្រាមបញ្ចប់កាលពីឆ្នាំ១៩៥៣នោះត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់បណ្ណោះ មិនម៉ែនសន្ធិសញ្ញាសន្តិភាពនោះឡើយ ទាំងនោះហើយសង្គ្រាមឧប្បទ្វីបកូរ៉េអាចផ្ទុះឡើងគ្រប់ពេលវេលា។ ទីក្រុងព្យុងយ៉ាងធ្លាប់បានស្នើរដល់អាមេរិក ចុះសន្ធិសញ្ញាសន្តិភាពទើបកូរ៉េខាងជើងបោះបង់កម្មវិធីបរមាណូ ប៉ុន្តែអាមេរិកនិងកូរ៉ែខាងត្បូងមិនយលព្រមទាំងនោះហើយ ទើបកូរ៉េខាងជើងចាំបាច់ត្រូវតែបន្តកម្មវិធីបរមាណូដើម្បីការពារប៉ុណ្ណោះ ៕