ភ្នំពេញ: សំណង់ដ៏ធំកំពុងសាងសង់ អត់ច្បាប់នៅលើទំហំដីប្រមាណ ១០ ម៉ែត្រគុណនឹង ៣០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទល់មុខប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ បាននឹងកំពុងរំខានអ្នករស់នៅព័ទ្ធជុំវិញការដ្ឋានខាងលើនេះ អាចមានហានិភ័យ ស្ថិតក្នុងបញ្ហាប្រឈម ប្រេះស្រាំ ប្រសិនគ្មានការឯកភាពជាមួយអ្នកជាប់ព្រំ ។
បច្ចុប្បន្នសំណង់នេះបុកគ្រឹះរួច រៀបចំឡើងសសរ ដែលគេដឹងថា, ជាសំណង់សម្រាប់ភោជនីយដ្ឋាន និងក្លឹបរាត្រី ។
ពាក់ព័ន្ធករណីនេះ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, “អរគុណច្រើន ! ចាំខ្ញុំអោយមន្ត្រីចុះទៅពិនិត្យជាក់ស្តែង,” ។ លោកបន្តថា, “ខ្ញុំអត់ឃើញច្បាប់ដែរ”..! ។ ដោយឡែកលោក សោម សម្បត្តិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទួលគោក បានអោយដឹងថា, ខ្ញុំសូមជម្រាបជូនតាមដំណើរបន្តិច ! សំណង់នេះគឺមានច្បាប់ហើយ, គ្រាន់តែឯកសារប្លង់កំពុងព្រីដើម្បីអោយផ្តិតមេដៃ ។ ចំពោះការធ្វើមុននោះ ដោយសារម្ចាស់ទីតាំងស្នើសុំបុកគ្រឹះមុនយកហុងសុយ តែមិនឡើងសសរទេ រងចាំច្បាប់ចេញរួចរាល់សិន។
ទោះមានការបកស្រាយពីជំនាញបែបនេះក៏ដោយ ក៏អាជ្ញាធរខណ្ឌមិនទាន់ឃើញច្បាប់នៅឡើយ ទើបអាជ្ញាធរខណ្ឌអះអាងថា នឹងអោយមន្ត្រីចុះទៅមើលសំណង់នេះ។
សូមបញ្ជាក់ថា, នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មានលេខទូរស័ព្ទ 070966699 មានចូលមកកាន់ទីប្រឹក្សាជាន់ខ្ពស់អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ដោយបណ្ជាក់ថា, ឈ្មោះ(តិច) ជាម្ចាស់សំណង់ បានរៀបរាប់ថា, សំណង់គាត់មានច្បាប់ តែមិនធ្វើរួចនៅឡើយ ប៉ុន្តែធ្វើនេះដោយសារចង់(បើកក្បាលដំបូងសិន)។
សូមរំឮកថា, ក្នុងនាមជាប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌទួលគោក លោក សោម សម្បត្តិ មានភារកិច្ចក្នុងការត្រួតពិនិត្យចំពោះបច្ចេកទេសសំណង់ មានច្បាប់ ឬអត់ច្បាប់ មិនគួរណាគាត់បែជា អនុញ្ញាតអោយគេធ្វើមុនច្បាប់អនុញ្ញាតទៅវិញ ? តើសមជាមន្ត្រីជំនាញទេ ! បញ្ហានេះគួរណាស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងរដ្ឋបាលរាជធានីពិចារណាផង៕
ដោយ, សុខ ខេមរា