ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០២១នេះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្តមណ្ឌលគិរី បានទទួលអំណោយរួមមាន៖ អង្ករចំនួន ៥តោន និងថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរីក)ជូនដល់រដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ និងថវិកាចំនួន ២.៥០០ដុល្លា (ពីរពាន់ប្រាំរយដុល្លាអាមេរីក) សម្រាប់ជួយសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកអូររាំង ពីលោកឱកញា ស្រី ចន្ទូ តាមរយៈតំណាងរបស់លោកឧកញ៉ា។
នាឱកាសនោះលោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ បានមានប្រសាសន៍ថា អំណោយដែលលោកឧកញ៉ា ស្រី ចន្ទូ ឧបត្ថម្ភជូននាពេលនេះ គឺជាការចូលរួមចំណែក ជាមួយរដ្ឋបាល ខេត្តមណ្ឌលគិរី ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោកអភិបាលខេត្តបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តគិរី បានអំពាវដល់សប្បុរសជន និងក្រុមហ៊ុនឯកជននានា ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្ត ដើម្បីឧបត្ថម្ភលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល សមត្ថកិច្ចដែលឈរជើងនៅតាមព្រំដែនចំនួន ៤៧៨នាក់ និងនៅតាមចំណុចគោលដៅវាងព្រំប្រទល់ខេត្តមណ្ឌលគិរីនឹងខេត្តក្រចេះ ខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរី ដើម្បីរឹតបន្តឹងការត្រួតពិនិត្យការចរាចរទៅលើអ្នកធ្វើដំណើរចេញចូលក្នុងខេត្ត នៅតាមកន្លែងធ្វើចត្តាឡីស័ក ព្រមទាំងនៅតាមគោលដៅផ្សេងៗទៀត។
បន្ទាប់មក លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ស្រី ចន្ធូ និងក្រុមគ្រួសារតាមរយៈតំណាងរបស់លោកឧកញ៉ា ដែលបាននាំយកនូវអង្ករ និងថវិកាមួយចំនួន ផ្តល់ជូនដល់រដ្ឋបាលខេត្ត ដែលចប្ចុប្បន្ននេះរដ្ឋបាលខេត្តមណ្ឌលគិរី ត្រូវការចាំបាច់នូវការឧបត្ថម្ភគាំទ្រពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ចូលរួមឧបត្ថម្ភគាំទ្រ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
ក្នុងនាមរដ្ឋបាលខេត្តមណ្ឌលគិរី សូមជូនពរដល់លោកឧកញ៉ា ស្រី ចន្ធូ និងក្រុមគ្រួសារ សូមមានសុខភាពល្អឈ្នះអស់ មាសត្រូវ ព្រមទាំងទទួលបាននូវពុទ្ធពរទាំង ៤ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ និងសូមឲ្យចៀសជុតពីជំងឺកូវីដ១៩៕
ដោយ៖ សូរិយា