អន្តរជាតិ៖ លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក និងលោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បន្ទាប់ពីមេីលឃេីញសកម្មភាពក្រុមរបបសឹកយោធា នៅថ្ងៃទី២៧ ខែមីនាថ្មីៗនេះ បានបាញ់សម្លាប់ក្រុមបាតុករមីយ៉ាន់ម៉ាយ៉ាងសាហាវឃោឃៅ យ៉ាងហោចណាស់ ១០៧នាក់ ដោយក្នុងនោះរួមមានទាំងកុមារផងដែរ។ ទេីបធ្វេីឲ្យរដ្ឋបាលអាមេរិក និង សហភាពអឺរ៉ុប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានសម្រេចថ្កោលទោសរបបសឹកយោធាមួយនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក The Irrawady បាននិយាយថា ចាប់តាំងពីរដ្ឋប្រហារយោធាមក ក្រុមយោធាមីយ៉ាន់ម៉ា បានបង្រ្កាបក្រុមបាតុករតវ៉ានឹងរបបសឹកយ៉ាងខ្លាំង។ ជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីដើមខែកុម្ភៈមក ប៉ូលីសមីយ៉ាន់ម៉ា បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់ ១០៧នាក់។ រហូតមកទល់ពេលនេះ អ្នកស្លាប់បានកើនដល់ ៤២៩នាក់ និងមនុស្សជាច្រើនពាន់នាក់ត្រូវបានចាប់ខ្លួន។
បេីតាមប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងរដ្ឋ Delaware លោក ចូ បៃឌិន បានលើកឡើងថា វាពិតជាអាក្រក់ណាស់។ លោកបៃឌិន គូសបញ្ជាក់យ៉ាងដូច្នេះថា៖«វាពិតជាសាហារយង់ឃ្នងណាស់ ដោយផ្អែកលើរបាយការណ៍ដែលខ្ញុំបានទទួល»។ លោក បន្ថែមថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ដោយឥតប្រយោជន៍។ ទាំងនេះជាការឆ្លេីយតបទៅនឹងករណីស្លាប់ដ៏ច្រើនបំផុត ទេីបអាមេរិកបានចេញមកថ្កោលទោសជាថ្មីម្តងទៀត។
ដោយឡែកជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានរិះគន់ករណីស្លាប់ចំថ្ងៃទិវាកងទ័ពនេះដែរ។ ដោយលោក Josep Borrell ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ លោក បានចាត់ទុកទង្វើរបស់យោធាមីយ៉ាន់ម៉ា គឺជារឿងមិនអាចទទួលយក ព្រោះរបបសឹក បានបាញ់សម្លាប់ប្រជាជនខ្លួនជាច្រើននាក់។ លោកប្រធានគោលនយោបាយការបរទេស នៅខាងក្រៅនៃការប្រារព្ធទិវាកងទ័ព ក្រុមយោធាបានធ្វើរឿងគួរឱ្យតក់ស្លុត និងគួរឱ្យអាម៉ាស់យ៉ាងខ្លាំង។
គួររម្លឹកដែរថា លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា ក្នុងទិវាកងទ័ពនេះ ក៏ធ្លាប់បានបញ្ជាក់ថា កងទ័ងមីយ៉ាន់ម៉ា នឹងការពារប្រទេស និងការពារប្រជាជន។ ប៉ុន្មានម៉ោងក្រោមសុន្ទរកថានោះ ក្រុមប៉ូលីស បានបាញ់បង្រ្កាបក្រុមបាតុកម្ម ដែលបានធ្វើនៅស្ទើតែទូទាំងប្រទេស។
គួបញ្ជាក់ថា អាមេរិក និងអឺរ៉ុប កន្លងមកធ្លាប់ដាក់ទណ្ឌកម្មលើក្រុមយោធា និងក្រុមហ៊ុនពាក់ព័ន្ធរួចហើយ ប៉ុន្តែរបបសឹកមីយ៉ាន់ម៉ា ហាក់មិនរអានឹងទណ្ឌកម្មឡើយ ហើយក៏មិនបន្ធូរបន្ថយសកម្មភាពរបស់ខ្លួនដែរ។ ក្រៅពីអាមេរិក និងអឺរ៉ុប នៅមានអង់គ្លេស និងកាណាដាថែមទៀត ដែលដាក់ទណ្ឌកម្មនេះដែរ។
សូមជម្រាបថា ដោយសារតែមានរដ្ឋប្រហារយោធា និងការបង្រ្កាបលើក្រុមបាតុករ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានភៀសខ្លួនទៅព្រំដែន មានដូចជា៖ ឥណ្ឌា និងថៃជាដើម ដើម្បីស្វែងរកសុវត្ថិភាពផ្ទាល់ខ្លួន។ ចំណែកអ្នកភៀសខ្លួនទាំងនោះរួមមាន៖ ក្រុមយុវជន ប៉ូលីស មេធាវី និងអ្នកសារព័ត៌មានជាដើម៕ដោយ៖ស តារា
លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា
លោកឧត្តមសេនីយ មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធា