កាលពីព្រេងនាយ មានឆ្កែចចកញីឈ្មោលមួយគូររស់នៅជាមួយគ្នា។ ថ្ងៃមួយចចកញីលើទៅចចកឈ្មោលថាខ្លួននឹកចង់ស៊ីត្រីស្រស់ណាស់។ ឮដូច្នោះចចកឈ្មោលក៏លាចចកញីដោយប្រាប់ថាខ្លួននឹងចេញទៅរកត្រីមកឱយ ទាំងខ្លួនមិនចេះចាប់ត្រីផង។ ពេលជិតទៅដល់ស្ទឹងមួយ ចចកឈ្មោលឃើញភេ២ចាប់បានត្រីធំមួយ ពាំចេញពីស្ទឹងមកដាក់លើគោកហើយនិយាយគ្នា។ ភេមួយបាននិយាយថា៖– អញយកខាងក្បាល។
– ទេ! អញយកខាងក្បាលព្រោះឯងបានស៊ីខាងក្បាលយូរមកហើយ។ ភេមួយទៀតឆ្លើយ។
ភេទាំង២ប្រកែកគ្នាដណ្តើមយកខាងក្បាលមួយរយៈ។ ចចកពួនស្តាប់ដឹងរឿងក៏ដើរចូលទៅជិតធ្វើជាចិត្តសប្បុរស សួរទៅភេទាំង២ថា៖
– សំលាញ់! ហេតុអ្វីចាំបាច់ឈ្លោះប្រកែកគ្នាដូច្នេះ? មានរឿងអ្វី?
ដូចដែលចចករំពឹងទុក ភេកំឡៅទាំង២ក៏ឆ្លើយថា៖ អ្ហូ ចចកទេ! ពួកយើងកំពុងបែកចែកត្រីនេះមិនដាច់ស្រេចសោះ។ ចចកអាចជួយចែកយើងបានទេ?
– ប្រាកដជាបាន! គ្មានអ្វីដែលធ្វើឱយខ្ញុំរីករាយជានបានបែងចែកត្រីឱយសំលាញ់ទាំង២ទេ។ ខ្ញុំនឹងបែងចែកឱយបានស្មើគ្នា។ ចចកតបទៅភេទាំង២។
ថាហើយ ចចកក៏កាត់ក្បាល និងកន្ទុយត្រីឱយទៅភេទាំង២ម្នាក់មួយ។ ភេទាំង២ត្រេកអរ ហើយនិយាយថា៖
– ចចកបែកចែកបានស្មើភាពណាស់! ឥលូវចាំមើលចចកបែងចែកខ្លួនត្រីទៀតមើល។
ចចកសំលឹងមើលភេទាំង២ ហើយនិយាយថា៖
– ចែកខ្លួនត្រី? ម្តេចក៏ត្រូវចែកខ្លួនត្រីទៅវិញ? នេះជាថ្លៃដែលខ្ញុំបានជួយចែកឱយអ្នកទាំង២។
ចចកក៏ពាំខ្លួនត្រីដែលជាផ្នែកសំបូរសាច់ និងខ្លាញ់ច្រើនជាងគេត្រឡប់ទៅលំនៅដ្ឋានវិញ។ ភេទាំង២មើលមុខគ្នា ធ្វើអ្វីចចកមិនបាន ហើយងាកមកនិយាយដាក់គ្នាថា៖
– នេះជាលទ្ធនៃភាពលោភលន់ និងការមិនទុកចិត្តគ្នារបស់ពួកយើង។ យើងនិងមិនឱយមានកំហុសបែបនេះជាលើកទី២ទេ។
ត្រង់នេះ សាច់រឿងក្នុងសៀវភៅជាភាសាខ្មែរ គេនិទាននិទានថាចចកបានកាត់ត្រីជា២ ហើយដាក់ថ្លឹងមើល។ ទាំងអស់គ្នាមើលឃើញថាខាងក្បាលត្រីធ្ងន់ជាង។ ចចកក៏យកខាងក្បាលមកខាំស៊ី ហើយដាក់ទៅថ្លឹងវិញ។ ម្តងនេះខាងកន្ទុយត្រីក៏ប្រែជាធ្ងន់ជាងម្តង។ ចចកក៏យកខាងកន្ទុយមកខាំស៊ីទៀត។ ចចកធ្វើបែបនេះរហូតទាល់តែត្រីនៅសល់តែឆ្អឹង។ បន្ទាប់មកចចកក៏ប្រាប់ទៅភេទាំង២ថា៖ “ឥលូវចំណែកទាំង២ស្មើគ្នាហើយ។ សូមសំលាញ់ទាំង២ទទួលយកចុះ។ ឬក៏សំលាញ់ចង់ចែករបៀបផ្សេង ក៏ស្រេចតាមចិត្តសំលាញ់ចុះ”៕
ស្រាវជ្រាវ និងកែសម្រួលដោយ÷
ចៅតាជេត