ពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៥គ្រួសារ ក្នុងស្រុកសៀមប៉ាង

ចែករំលែក៖

ខេត្តស្ទឹងត្រែង, នៅព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៥គ្រួសារ ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំណុច(សាលាបឋមសិក្សាខិះក្រោម) ដោយក្នុង ១គ្រួសារ ទទួលបាន៖ ត្រីខ ១យួរ(១០កំប៉ុង), អង្ករ ២៥គីឡូក្រាម, មី ១កេស, ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១)។

ពិធីនេះក៏មានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកសៀមប៉ាង និងយុវជនកាកបាទក្រហម។

មានប្រសាសន៍នាឱកាសនោះដែរ លោក ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោក ម៉ុម សារឿន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ដ៏កាចសាហាវ វីរុសកូវីដ-១៩។ ក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ស្នើ ឲ្យមានការបំផុសចលនាចូលរួមបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមគោរការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលឲ្យបានហ្មត់ចត់ ជាពិសេស វិធានការ ៣កុំ និង ៣ការពារ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print