ភ្នំពេញ, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានរំឮកពី«អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» លោកបញ្ជាក់ថា, គឺមិនដូចគ្នាទេ ។
អតីតអ្នកសារព័ត៌មានអាជីព មានទេពកោសល្យ វិជ្ជាជីវៈ ក្រមសីលធម៌ និងមានចំណេះដឹង សមត្ថភាពនិពន្ធ ចងក្រងសៀវភៅប្រវត្តិសាស្ត្រ រហូតក្លាយរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ហ៊ុយ វណ្ណៈ បានថ្លែងថា, ខ្ញុំសូមផុសឡើងវិញនូវសំណេរកាលពីឆ្នាំមុន អំពី «អ្នកសារព័ត៌មាន» និង «អ្នកលេង Facebook» គឺទទួលការគាំពារតាមផ្លូវច្បាប់ មិនដូចគ្នាទេ៖
១- «អ្នកសារព័ត៌មាន» គឺមានច្បាប់ស្តីពីរបបសារព័ត៌មាន។ ទោះបីជាយ៉ាងណា អ្នកសារព័ត៌មាន ដែលឆ្លងកាត់ការបណ្តុះបណ្តាល គឺមិនងាយប៉ាតណាប៉ាតណីទេ។ គេមានការផ្ទៀងផ្ទាត់ខ្លឹមសារ មានក្រមសីលធម៌ និងមានក្រុមនិពន្ធនាយកត្រួតពិនិត្យខ្លឹមសារ មុនចេញផ្សាយ។ ពួកគេ ទោះបីបម្រើការនៅអង្គភាពសារព័ត៌មាន តូចក្តី ធំក្តី ឬធ្វើជាភ្នាក់ងារឆ្លងឆ្លើយឲ្យសារព័ត៌មានបរទេស គឺមិនងាយប្រព្រឹត្តិកំហុសផ្នែកសីលធម៌វិជ្ជាជីវៈនោះទេ។
២- សិទ្ធិបញ្ចេញមតិ គឺមានគ្រប់គ្នា តែ សេរីភាពមានព្រំដែនកំណត់។ បើ «អ្នកលេង Facebook» ជាញឹកញយ បើក Volume មួយទំហឹង ពួយម៉ាអស់ចិត្តតែម្នាក់ឯង គឺងាយនឹងភ្លាំងភ្លាត់ណាស់។ បើគេគ្រប់គ្រងអារម្មណ៍មិនបាន នោះកាន់តែងាយបំពានលើសិទ្ធិនិងតម្លៃអ្នកដទៃ។ ហើយបើបែរជាត្រូវរងការប្តឹងពីបទប្រមាថបរិហាបង្ខូចកេរ្តិ៍ ក៏មិនទាក់ទងនឹងច្បាប់ស្តីពីរបបសារព័ត៌មានដែរ៕
ដោយ, សិលា