ខេត្តរតនគីរី៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលខេត្តរតនគិរី ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥និង៤០នាទី បានបេីកប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនអ្នកលួចលេងល្បែងស៊ីសងភ្នាល់ដាក់លុយទស្សន៍ទាយឆ្នាំទាំង១២ (យូគី) ក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជាលិទ្ធផលឃាត់ខ្លួនប្រុសស្រីចំនួន៨នាក់ រួមនឹងវត្ថុតាងជាក់ស្តែងមួយចំនួន។
បើយោងតាមប្រភពព័ត៌មានពីមន្រ្តីសមត្ថកិច្ច បានឲ្យដឹងថា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ក្នុងនោះមានស្រី៥នាក់ ជាប់ពាក់ព័ន្ធករណីល្បែងស៊ីសង (យូគី ឬសត្វឆ្នាំទាំង១២) ព្រមទាំងដកហូតសម្ភារៈរួមមាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រឹម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-6385, ទូសព្ទដៃ ២គ្រឿង ម៉ាក oppo .អិនចុចពិល ពណ៌ខ្មៅ.១ .កន្ត្រៃ ១ .សម្ភារៈសម្រាប់លេងយូគីមួយចំនួន និងប្រាក់ចំនួន៨០ម៉ឺនរៀល។
ក្រោយប្រតិបត្តិការរួចជនសង្ស័យទាំង៨នាក់ខាងលេីនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖ជីវន្ត៍