ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១១និង ៣០នាទីព្រឹក បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនគ្រួសារសពលោកស្រី ចូវ ហើន ទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងជន្មាយុ ៥៥ឆ្នាំ។
ក្នុងសភាពដ៏ក្តុកក្តួលនេះ លោក សុខ ពេញវុធ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ចូវ ហើន បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយនិងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖ ថវិកា ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម; ទឹកបរិសុទ្ធ០៥កេស និង មី០២កេស ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព ។
ជាចុងបញ្ចប់ លោកអភិបាលខណ្ឌ បានជូនពរដល់ប្អូនប្រុស ប្អូនស្រីទាំង២ ដែលបានមើលថែម្តាយ ក្នុងពេលគាត់មានជម្ងឺ រហូតដល់គាត់ទទួលមរណភាពភាពនេះ សូមឲ្យជៀសឆ្ងាយ កុំឲ្យឆ្លងជម្ងឺកូវីដ-១៩ នេះ៕ដោយ៖ស តារា