ភ្នំពេញ, នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះការស្លាប់របស់ស្ត្រីឈ្មោះ ជា ចន្ទរចនា អាយុ៣០ឆ្នាំ ដោយខ្សែភ្លេីងឆក់ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ កាលពីរសៀលម្សិលម៉ិញនេះ។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព បានបន្សល់កូនស្រី២នាក់ ហើយត្រូវជីដូនយកទៅចិញ្ចឹម និងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព។ ទន្ទឹមនឹងនេះ លោក បានលេីកទឹកចិត្តដល់កូនស្រីទាំង២នាក់ ត្រូវខិតខំតស៊ូដេីម្បីជីវិតរស់នៅបន្តទៀត និងមេីលថែទាំជីដូនឱ្យបានល្អ។
សូមបញ្ជាក់ថា ក្នុងមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា បានចូលបុណ្យសពនូវ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ២កេស និងថវិកា ១០,០០០,០០០រៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចូលបុណ្យថវិកាចំនួន ៥០០,០០០រៀលផងដែរ។
បញ្ជាក់ ៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ ឯប្រពន្ធដែលស្លាប់នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង ២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ។ នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តង។
អំណោយទាំងនេះត្រូវបានប្រគល់ជូនបន្ទាប់អង្គភាព”នគរដ្រេហ្គន”បានផ្សាយពីព័ត៌មាន នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១៕
ដោយ, សិលា