មន្ត្រីកោះតៃវ៉ាន់ទទួលខុសត្រូវចំពោះគ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សជាង៥០នាក់

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងចរាចរណ៍កោះតៃវ៉ាន់បានប្រកាសទទួលខុសត្រូវចំពោះគ្រោះថ្នាក់រថភ្លើងបណ្តាលឲ្យមនុស្សស្លាប់ជាង៥០នាក់ និងរបួសជាច្រើន។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ដឹកជញ្ជូន លោក Lin Chia-lung បានប្រកាសសុំលាលែងចេញពីតំណែង ប៉ុន្តែមិនទទួលបានការអនុញ្ញាតនោះឡើយ ហើយមេដឹកនាំកោះតៃវ៉ាន់អំពាវនាវឲ្យលោកផ្តោតទៅលើសកម្មភាពជួយសង្គ្រោះ និង រៀបចំឡើងវិញ។
លោក Lin Chia-lung បានប្រាប់នាយករដ្ឋមន្រ្តីតៃវ៉ាន់ Su Tseng-chang ថា លោកចង់ស្នើសុំលាលែងពីតួនាទី ដើម្បីបង្ហាញភាពទទួលខុសត្រូវសម្រាប់គ្រោះថ្នាក់រថភ្លើងនៅភាគខាងកើតតៃវ៉ាន់ ដែលបានបណ្តាលឲ្យមនុស្ស៥១នាក់ស្លាប់ និងរបួសប្រមាណជា២០០នាក់។
នាយករដ្ឋមន្ត្រី បានឆ្លើយតបវិញថា អ្វីដែលត្រូវផ្តោតសំខាន់នាពេលនេះ គឺកិច្ចប្រឹងប្រែងជួសជុលខ្សែរថភ្លើងដែលរងការខូចខាតអំឡុងគ្រោះថ្នាក់ ហើយវាក៏ជាវិធីមួយដើម្បីបង្ហាញការទទួលខុសត្រូវផងដែរ។ ដូច្នេះលោកនាយករដ្ឋមន្រ្តីតៃវ៉ាន់ បានសម្រេចមិនទាន់និយាយ ពីរឿងលាលែងពីតំណែងរបស់លោក Lin ទេ។ នៅថ្ងៃអាទិត្យនេះ ថ្លែងចេញពីកន្លែងកើតហេតុ លោក Lin បានប្តេជ្ញាថានឹងមិនគេចចេញពីការទទួលខុសត្រូវឡើយ បើទោះបីជាសំណើលាលែងពីតំណែង របស់លោកត្រូវបានបដិសេធក៏ដោយ ប៉ុន្តែឥឡូវលោកនឹងផ្តោតដឹកនាំកិច្ចការងារស្តារ និងជួសជុលសិន។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រសប្តាហ៍នេះ នៅពេលរថភ្លើងមួយខ្សែដឹកមនុស្សប្រហែល៥០០នាក់ បានបុករថយន្តស្ទូចមួយគ្រឿងនៅក្បែរច្រករូងក្រោមដីមួយកន្លែង ក្នុងទីក្រុងហួលៀន (Hualien) ហើយបណ្តាលឲ្យទូរថភ្លើង៥កំណាត់ដំបូង ខ្ទាតចេញពីលើផ្លូវ រួចទៅបុកនឹងជញ្ជាំងនៃរូងក្រោមដីនោះ៕ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print