ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីមន្ដ្រីសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បុគ្គលិកហាងលក់សម្លៀកបំពាក់”លឹម ហុង” សាខាផ្លូវកម្ពុជា ចំនួន៣៣នាក់ ក្រោយពេលធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃរួចមក ពេលនេះត្រូវបានមន្រ្តីសុខាភិបាលចុះមកយកសំណាកលើកទី២។ បន្ទាប់ពីរយៈពេល១៤ថ្ងៃកន្លងមកនេះ បុគ្គលិកហាងលក់សម្លៀកបំពាក់មួយនេះ មិនមានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។
មន្ដ្រីសុខាភិបាល បានបញ្ជាក់ទៀតថា នៅពេលចុះយកសំណាកលើកទី២នៅព្រឹកថ្ងៃចន្ទទី៥ មេសានេះ គឺធ្វើឡើងចំពោះបុគ្គលិក៣៣នាក់ប៉ុណ្ណោះ ហើយបើពិនិត្យទៅមិនឃើញមានរោគសញ្ញាកូវីដ១៩ទេ ហាងលក់សម្លៀកបំពាក់ លឹម ហុង រយៈពេលពី១ថ្ងៃ ទៅ៣ថ្ងៃ នឹងបើកដំណើរការធម្មតាវិញបាន។
គួររម្លឹកថា មន្រ្តីសុខាភិបាល កាលពីសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១កន្លងទៅ បាននាំថៅកែហាងលក់សំលៀកបំពាក់ លឹម ហុង សាខាផ្លួវកម្ពុជា ទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ក្រោយចេញរោគសញ្ញាជំងឺឆ្លងកូវីដ១៩ ចំណែកបុគ្គលិក និងក្រុមគ្រួសារចំនួន៣៣នាក់ ត្រូវបានមន្រ្តីសុខាភិបាលយកសំណាក រួចឲ្យនៅធ្វើចត្តាឡីស័កនៅទីតាំង ហាងលក់សំលៀកបំពាក់លឹមហុងផ្ទាល់តែម្តង៕ដោយ៖ស តារា
រូបភាព៖ក្រុមគ្រូពេទ្យជំនាញកំពុងយកសំណាក់ជាលេីកទី២ ពីបុគ្គលលឹម ហុង ដេីម្បីធ្វេីតេស្តរកកូវីដ១៩