ភ្នំពេញ៖ បេីតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអះអាងថា ពុំទាន់មានការបិទការនាំស្រូវនៅឡើយទេ ជាពិសេសការនាំចេញ ពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាម ។
ជាក់ស្តែងរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ បានផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ យោងតាមរបាយការណ៍របស់លោក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ បានបញ្ជាក់ថា ខេត្តតាកែវនៅតែបន្តការនាំស្រូវចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដដែលទេ គ្រាន់តែប្រទេសវៀតណាមមានការតឹងតែង នៅតាមមាត់ច្រកទាក់ទងទៅនឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលនៃមេរោគកូវិដ ១៩ តែប៉ុណ្ណោះ។
សូមជម្រាបថា កម្ពុជា នៅថ្ងៃទី០៤ ខែមេសានេះ បាននាំចេញស្រូវពីខេត្តតាកែវ ទៅកាន់ប្រទេសវៀតណាមបានចំនួន ៣.៨៤៨ តោន តាមច្រក កំពង់អំពិល ក្នុងស្រុកបូរី ជលសារ និងតាមច្រកភ្នំដិន ក្នុងស្រុកគិរីរង់ ។
ដោយឡែកតម្លៃស្រូវសើមវិញ នៅតែទទួលបានតម្លៃល្អដដែលទេ គឺតម្លៃស្រូវទិញដល់ស្រែ ៨៥០ រៀលក្នុងគីឡូក្រាម និងលក់ដល់មាត់ច្រក មានតម្លៃ ៩៣០ រៀលក្នុងគីឡូក្រាម៕ដោយ៖ស តារា
រូបភាព៖ឯកសារ