អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦បានប្រកាសថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ ។ ក្នុងដំណើរទស្សនកិច្ចនេះ បន្ទាប់ពីការទទួលពានរង្វាន់នៅទីនោះ លោកបាន គីមូន នឹងជួបជាមួយមេដឹកនាំកំពូលៗរបស់ប្រទេសអាល្លឺម៉ង់ផងដែរ ។
នៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃ លោក Farhan Haq មន្ត្រីនាំពាក្យអង្គការសហប្រជាជាតិបានថ្លែងថា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន នៅថ្ងៃទី៨ ខែមីនា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊េកឡាំង ទីដែលលោកនឹងជួបជាមួយលោកស្រីអែងហ្គេឡា ម៉ាកកែល អធិការបតីអាល្លឺម៉ង់ ។
ប្រភពបន្តថា អំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងប៊ែកឡាំងនោះ លោកអគ្គលេខាធិការនឹងជួបជាមួយប្រធានសភា លោក Norbert Lammert និងប្រធានគណៈកម្មការកិច្ចការបរទេសអាល្លឺម៉ង់ Norbert Roettgen ផងដែរ ។
ប្រភពបន្តថា ជាមួយគ្នានោះដែរ លោកអគ្គលេខាធិការនឹងចូលរួមព្រឹត្តិការណ៍ពិសេសខួងអនុស្សាវរីយ៍លើកទី២០ ការបង្កើតការិយាល័យអង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានី Bonn ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបន្តថា ក្នុងការចូលរួមព្រឹត្តិការណ៍នេះ មានអមដំណើរដោយលោក Frank Walter Steinmeier រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសអាល្លឺម៉ង់ផងដែរ ៕











