ខេត្តព្រះសីហនុ៖ ចាប់ពីវេលាម៉ោង៦ព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០១៦ នៅឆ្នេអូរឈើទាល បានប្រារព្ធពីធី ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅព្រះសីហនុលើកទី៦ ដោយមានអត្តពលិកចូលរួមប្រមាណ១៣០០នាក់ ក្នុងនោះ ជនបរទេសជាង១០០នាក់ មកពី២០ប្រទេសផ្សេងគ្នា ។
លោកវ៉ាត់ ចំរើន អគ្គលេខាធិកា រគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កីឡាករកីឡាការិនី ដែលមកចូលរួមរត់ប្រណាំងនាព្រឹកនេះ យើងទទួលបានអ្នកចុះឈ្មោះរត់ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី៦ មានប្រមាណ១៣០០នាក់។
លោកបានបន្តទៀតថា ចំពោះវិញ្ញាសារត់មានចំនួន៣ ទី១រត់ចម្ងាយ២១គីឡូម៉ែត្រមានកីឡាករកីឡាការិនីជាង៧០នាក់ ទី២ រត់ចម្ងាយ១០គីឡូម៉ត្រ មានកីឡាករកីឡាការិនី ជាង២០០នាក់ និងទី៣ រត់ចម្ងាយ៣គីឡូម៉ែត្រ មានកីឡាជាង១ពាននាក់ ភាគច្រើនគឺជាសិស្សសាលា នៅខេត្តព្រះសីហនុ៕ សារីម


