ភ្នំពេញ, រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង សូមយកឱកាសនេះ ដើម្បីជម្រាបជូនដំណឹងដល់សាធារណជន និងពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង_ជ្រាបថា ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្ត បានដាក់ចេញនូវ សេចក្តីណែនាំ និងគោលការណ៍មួយចំនួនជុំវិញការដាស់តឿនក្រើនរំលឹក អំពាវនាវឲ្យសាធារណជន ប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់រថយន្តដឹកជញ្ជូន អាជីវកម្មរមណីយដ្ឋាន និង គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ឲ្យចូលរួមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ក្នុងគោលដៅ ធានាបានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ចូលមូលដ្ឋាននៃដែនសមត្ថកិច្ចភូមិសាស្ត្រខេត្ត ស្ទឹងត្រែង ដើម្បីការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងដំណាក់កាលនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់រថយន្តដឹកជញ្ជូនមួយចំនួនធំបានចូលរួមសហការអនុវត្តបានខ្ជាប់ខ្ជួន។ ទន្ទឹមនេះក៏ មានប្រជាពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់រថយន្តដឹកជញ្ជូន អាជីវកម្មរមណីយដ្ឋាន មួយចំនួនតូច នៅមិនទាន់បានចូលរួមអនុវត្តឲ្យបានល្អប្រសើរនៅឡើយ ជាពិសេសការធ្វើដំណើរចេញ ចូលក្នុងមូលដ្ឋានខេត្តដោយមិនគោរពតាមគោលការណ៍ណែនាំ និងការជួបជុំអ៊ូអរ ប្រមូលផ្តុំមានមនុស្ស ច្រើន អាចជាផ្នែកនៃប្រភពឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ផ្អែកតាមករណីខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការអំពាវនាវ ស្នើសុំដល់សាធារណជន ប្រជា ពលរដ្ឋ អ្នកដំណើរ ក្រុមហ៊ុន ម្ចាស់អាជីវកម្ម ម្ចាស់រថយន្តដឹកជញ្ជូន និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ចូល រួមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឲ្យបានគ្រប់ៗគ្នាចាប់ពីការជូនដំណឹងនេះតទៅ។
ក្នុងពេលចំពោះមុខនេះ រដ្ឋបាលខេត្ត នឹងដាក់ចេញនូវគោលការណ៍នៃវិធានការដ្ឋបាល ដើម្បី ធានាបាននូវការគ្រប់គ្រង និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងសហគមន៍មូលដ្ឋាន ចៀសផុត ពីជំងឺកូវីដ -១៩ កំពុងឆ្លងរាលដាលដ៏កាចសាហាវនេះ ជាពិសេសគឺការបិទផ្អាកជាបណ្តោះអាសន្នចំពោះ ការធ្វើដំណើរនៅពេលយប់ អាជីវកម្មតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ហាងទទួលទានគ្រឿងស្រវឹង រមណីយដ្ឋាន និងទីតាំងមួយចំនួនទៀតតាមការចាំបាច់ ក្នុងរយៈពេលមួយ សមស្រប ដើម្បីកាត់ផ្តាច់ចរន្តឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើនេះ សូមប្រជាពលរដ្ឋ សាធារណជន គ្រប់អ្នកពាក់ ព័ន្ធ គ្រប់ផ្នែកមានសមត្ថកិច្ចទាំងអស់ ទទួលជ្រាប ចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា និងមានប្រសិទ្ធភាព៕
ដោយ, សុខ ខេមរា