ខេត្តព្រះសីហនុ៖ មិនមែនជាឈ្មួញថ្មីថ្មោង ក្នុងមុខជំនួញមានចេតនាទុច្ចរិត កេងប្រវញ្ចបំបាត់ពន្ធនាំចូលរបស់រដ្ឋនោះទេ ឈ្មួញជាឧកញ៉ាវ័យក្មេងឈ្មោះ ទៀ វិចិត្រ និងចែកែវ ទូច ហៅចែ០២ ជាអ្នករកស៊ីុប្រេងគេចពន្ធ លក្ខណៈទ្រង់ទ្រាយធំប្រចាំខេត្តព្រះសីហនុ ដោយគ្មានអ្នកប៉ះពាល់ ប៉ុន្តែសមត្ថកិច្ចជាច្រើនស្ថាប័ន បានសើមទឹកមាត់ឬមានទឹកមាត់លេប នឹងមុខរបរនេះ ឬក៏និយាយបានថា អ្នកទាំងពីរជាឈ្មួញមានខ្នងបង្អែកក្រាស់ សមត្ថកិច្ច និងខាងស្ថាប័នគយ ដាច់ខាតត្រូវតែយកប្រយោជន៍សិន ចៀសវាងខាតបង់លាភសក្ការ តាមរយៈឥទ្ធិពលអន្តរាគមន៍ណាមួយកើតឡើង អាចក្លាយទៅជាលិឌអំបិលក្នុងពាង ។
ចែកែវ ទូច ហៅចែ០២ នរណាក៏ដឹងដែរថា គាត់ជាមេឃ្មួញនាំទំនិញគេចពន្ធ និងប្រេងសាំង តាំងពីបងប្រុសរបស់ខ្លួន លោក កែវ សុខឃាង ជាមេគយចល័តទូទាំងប្រទេស ។ ក្រោយផ្លាស់ប្តូរតំណែង លោក កែវ សុខឃាង ទៅកាន់ជាមេគយទំនិញរួចពន្ធ ចែ ០២ បានផ្អាកមួយរយៈក្នុងការនាំសាំងគេចពន្ធឡើងនឹងស្ទឹងហាវ មកចែកចាយក្នុងខេត្ត ព្រះសីហនុ និងបន្តមកកាន់ភ្នំពេញ ។ ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា ចែ០២ ចាប់ផ្តើមវិលទៅរកមុខរបរទ្រនុំចាស់ជាឈ្មួញនាំសាំងគេចពន្ធដដែល ដោយដឹកចេញពីចំណុចលំហរសមុទ្រ ជិតកោះស្តេចពីទូកថៃ យកមកខេត្តព្រះសីហនុ ក្នុងនោះ សមត្ថកិច្ចជាច្រើនស្ថាប័ន ពិសេសគយតែម្តង មិនអាចលាក់បាំងចំពោះមុខរបរលោតឆត្រទាំងនេះបានទេ ។ ដោយឡែក ឧកញ៉ាវ័យក្មេងទៀ វិចិត្រ ដែលជាកូនអ្នកមានអំណាច លោក ទៀ វិញ និងជាប្អូនអ្នកមានអំណាច លោក ទៀ សុខា ជាយូរអង្វែងមកហើយមុខរបរនាំប្រេងគេចពន្ធរបស់គាត់ ប្រកបដោយភាពលូន ទាំងដឹកតាមទូកលើដែនសមុទ្រ និងដឹកតាមរថយន្តចែកចាយក្នុងខេត្តព្រះសីហនុ ក៏ដូចជាបន្តទៅកាន់ខេត្តមួយចំនួនទៀត ឬរាជធានីភ្នំពេញ ។ ការដឹកជញ្ជូនរបស់ឈ្មួញឧកញ៉ាវ័យក្មេង ទៀ វិចិត្រដែលអ្នកខេត្តព្រះសីហនុ បានស្គាល់ និងចាត់ទុកថា មេឈ្មួញដ៏មហិមា គ្មានអ្នកប៉ះពាល់ គ្មានអ្នកប្រណាំងប្រជែង និងជាអ្នកមានមុខមានមាត់ ដោយខ្នងបង្អែកដ៏រឹងមាំផងនោះ កាន់តែពង្រីកឥទ្ធិពលរបស់ខ្លួននាំប្រេងគេចពន្ធយ៉ាងអនាធិបតេយ្យ ពិសេសមោទនភាពខ្លាំងក្លា ដែលឈ្មួញ ឬអ្នកវិនិយោគរកស៊ីុដោយភាពស្មោះត្រង់ មិនអាចប្រណាំងប្រជែងពាណិជ្ជកម្មនូវរបរទុច្ចរិតនេះបាន ។ អ្វីដែលអស្ចារ្យត្រង់ថា ឧកញ៉ាវ័យក្មេងរូបនេះ បានយកទីតាំងមូលដ្ឋានសមុទ្ររៀមធ្វើជាកន្លែងឡើងប្រេង និងលើលំហរសមុទ្រមានបងប្រុសរបស់ខ្លួន ដែលជាមេទាហានជើងទឹកលំហរសមុទ្រ ជួយការពារ បើកផ្លូវផ្តល់មធ្យោបាយសម្រួលដល់មុខជំនួញទំនិញប្រេងគេចពន្ធនេះយ៉ាងគឃ្លើន ។
ប្រសិនបើថ្នាក់លើនៅតែមិនមានចំណាប់អារម្មណ៍ ឬខាងស្ថាប័នគយ ទាំងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាគយចល័តរបស់លោកកើត សុធារ៉ា មិនមានវិធានការទេនោះ ចំណូលពន្ធនាំចូលត្រូវបានបាត់បង់យ៉ាងខ្លាំង លើកលែងតែ បុគ្គលពាក់ព័ន្ធក្នុងប្រយោជន៍នេះតែប៉ុណ្ណោះ ដែលមានឱកាសទទួលបានផល ហើយពួកគេកំពុងតែអនុវត្តផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាកររឹតបន្តឹងរបស់រាជរដ្ឋាភិបាល លើវិធានការទប់ស្កាត់រាល់ទំនិញគេចពន្ធហូរចូល ។
ប្រេងសាំងគេចពន្ធរបស់ឧកញ៉ាវ័យក្មេង ទៀ វិចិត្រឡើងតាមមូលដ្ឋានសមុទ្ររាម និងឡើងតាមទំនប់រលកចាស់ ដោយដឹកជញ្ជូនចេញពីទូក ជ្រកក្រោមក្រុមហ៊ុនសូគីម៉ិច ដើម្បីចែកចាយតាមដេប៉ូក្នុងខេត្តព្រះសីហនុ និងបន្តទៅខេត្ត រាជធានីបន្ថែមទៀត ។ ដោយឡែក ចែ ០២ ជាប្អូនរបស់លោក កែវ សុខឃាង មេគយ ដែលមានឈ្មោះល្បីបំផុតជាច្រើនអាណត្តិ ពីមុនក្នុងអំណាចរបស់បង ការពារបិទបាំង ដឹកប្រេងឡើងតាមស្រុកស្ទឹងហាវ ដល់ពេលនេះ ផ្អាកដឹកឆ្លងតាមស្រុកស្ទឹងហាវ គឺចាប់ផ្តើមសំដៅចូលខេត្តព្រះសីហនុ យកពីកប៉ាល់ប្រេងរបស់ថៃ ដែលស្ថិតនៅលំហរសមុទ្រ ជិតកោះស្តេច ។
បើទោះជាឧកញ៉ាវ័យក្មេងទៀ វិចិត្រ និងចែ០២ មានឈ្មោះល្បីល្បាញ ជាឈ្មួញមានចេតនាទុច្ចរិត បំបាត់ពន្ធនាំចូលរបស់រដ្ឋ និងមានសមត្ថកិច្ចជាច្រើនស្ថាប័ន ពិសេសគយជាអ្នកឃុបឃិតសមគំនិតក្នុងលាភសក្ការក៏ដោយ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ «នគរដ្រេហ្គន»មិនអាចទាក់ទងបានទេទៅលើមេឈ្មួញដ៏មានឥទ្ធិពល និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏អសោចន៍ក្នុងសង្គមនេះ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ឡុញ សុភាព ប្រធានស្នាក់ការគយ និងរដ្ឋាករទំនប់រលក បានប្រាប់ឲ្យដឹងថា ចំពោះទីតាំងដែនដីដែលគាត់គ្រប់គ្រង មិនមានកប៉ាល់ប្រេងរបស់ឈ្មួញទាំងនោះទេបច្ចុប្បន្ន កាលពីមុនមានមែននៅស្ទឹងហាវ តែឥឡូវ សូមនិយាយថា អត់តែម្តង ។
ប្រេងសាំងគេចពន្ធរបស់ឧកញ៉ាវ័យក្មេងទៀ វិចិត្រមានខ្នងបង្អែកដ៏ខ្លាំង និងមានបង លោក ទៀ សុខាការពារសម្រួលគ្រប់មធ្យោបាយរាល់ការដឹកជញ្ជូនលើដែនសមុទ្រ ក៏ដូចជាចែ០២ គេអាចទទួលស្គាល់ថា មានតែស្ថាប័នគយទេ ដែលបើកភ្លើងខៀវ ទើបសមត្ថកិច្ចជាច្រើនស្ថាប័នទៀតដែលមានតួនាទីចូលរួមសហការផ្តល់ភាពងាយស្រួលជូនស្ថាប័នគយ ដើម្បីប្រមូលពន្ធជូនរដ្ឋ ហ៊ានទទួលយកនូវសំណូក ដែលគេហៅថា ចូលស្ទឹងតាមបទ នោះ ៕
ដោយ៖ សុខ ខេមរា















