ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាបបានប្រទះឃើញគ្រោងឆ្អឹងស្ត្រីម្នាក់ ដែលសង្ស័យថា ត្រូវឃាតកចាប់រំលោភរួចធ្វើសកម្មភាពសម្លាប់ និងដុតកម្ទេចសាកសពចោលដើម្បីបំបាត់ភស្តុតាងយ៉ាងសាហាវព្រៃផ្សៃ ។
ការប្រទះឃើញនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងែទី៤ ខែមីនា ឆ្នាំ២០១៦ថា ចំណុចក្នុងភូមិសាស្ត្រភ្នំ រុន ភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោងឆ្អឹងក្បាលស្ត្រីម្នាក់នោះ ឈ្មោះ ហួន វុន អាយុ៤១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅភូមិខ្នាសង្គ្រាម ឃុំបាឡាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ស្ត្រីរងគ្រោះបានទៅធ្វើចំការបាត់ពីផ្ទះរយៈពេល៣ថ្ងៃកន្លងមកហើយៗទើបតែប្រទះឃើញគ្រោងឆ្អឹងក្បាលនៅពេលនេះ ។
សមត្ថកិច្ចអាវុធហត្ថស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើកោសល្យវិច័យរួចដាក់ ការសន្និដ្ឋានជាជំហានដំបូងថា ស្ត្រីរងគ្រោះអាចត្រូវឃាតកចាប់រំលោភ រួចសម្លាប់ និងដុតសាកសពចោលដើម្បីបំបាត់ភស្តុតាង បំភ័ន្តភ្នែករបស់សមត្ថកិច្ច ។
សមត្ថកិច្ចជំនាញបានត្រួតពិនិត្យទៅលើសាកសពឃើញមានសល់លោហៈធាតុពណ៌លឿង(កងដៃ)ចំនួន ៧កង មានខ្សែចង្កេះប្រាក់ចំនួន១ ឆ្អឹងលលាដ៍ក្បាល ហើយត្រូវយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ។
បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងស្រាវជ្រាវ និងស្វែងរកចាប់ជនដៃដល់ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ ប៊ុន រិទ្ធី













