ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរសង្កាត់កោះដាច់ សហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងយុវជន ស.ស.យ.ក សង្កាត់ ដឹកនាំដោយលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានធ្វើការចុះផ្តល់សៀវភៅស្នាក់នៅ (ក២) ចំនួន ៥១៧សន្លឹក ស្មើនឹង ៥១៧គ្រួសារ និងអត្តសញ្ញាណប័ណ្ណគំរូថ្មីចំនួន ៧៩សន្លឹក ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាត់ អ៊ែល ចៅសង្កាត់ ក៏បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងគ្រួសារប្រជាពលរដ្ឋដែលមិនទាន់បានធ្វើការផ្លាស់ប្តូរសៀវភៅស្នាក់នៅចាស់ (ពីមុនស្រុកមុខកំពូល ខេត្តកណ្តាល និង ពីមុនខណ្ឌឫស្សីកែវ) និងមិនទាន់មានសៀវភៅស្នាក់នៅ (ក២) សូមមេត្តាអញ្ជើញមកបំពេញបែបបទសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងសៀវភៅស្នាក់នៅថ្មី ឲ្យបានគ្រប់ៗគ្នា។
លោកបានបន្តថា ឥឡូវនេះបងប្អូនមិនពិបាកក្នុងការធ្វើដំណើរទៅធ្វើអត្តសញ្ញាណប័ណ្ណ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារនោះទេ ព្រោះពេលនេះប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះដាច់ បានទទួលឧបករណ៍ដែលបម្រើដល់ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីពីអធិការដ្ឋានគរបាលខណ្ឌជ្រោយចង្វារ ហើយបានដំណើរការធ្វើជូនប្រជាពលរដ្ឋ តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦មកម៉្លេះ ដែលទីតាំងបណ្តោះអាសន្នស្ថិតនៅសាលាបឋមសិក្សាសម្តេចឪ ស្ថិតក្នុងបរិវេណវត្តសាមគ្គី ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទន្ទឹមនឹងនោះ អាជ្ញាធរសង្កាត់ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណគំរូថ្មីនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ថែរក្សា ការពារឲ្យបានល្អ និងគង់វង្ស ជៀសវាងការបាត់បង់ ឬរហែកខូចមិនអាចយកទៅប្រើប្រាស់បាន ព្រោះសៀវភៅស្នាក់នៅ និងអត្តសញ្ញណប័ណ្ណមានសារៈសំខាន់ណាស់សម្រាប់បងប្អូន ក្នុងការយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់ខ្លួន៕
















