ខេត្តកណ្តាល, នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ។
រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មាន បងប្អូនអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បានឆ្លងវីរុសកូវដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ និងចាំបាច់ ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។
ចំពោះមុខ រដ្ឋបាលខេត្តកណ្តាល សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីក រាលដាលរ៉ឺសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជនដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។
ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរនេះ រដ្ឋបាលខេត្តកណ្តាល ធានា រ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សា ទុកក្នុងតូបនីមួយៗមិនឱ្យមានការបាត់បង់និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ ។
រដ្ឋបាលខេត្តកណ្តាល មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និង អតិថិជនទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្ត សេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ, សុខ ខេមរា