ខេត្តកំពង់ធំ, អាជ្ញាធរខេត្តកំពង់ធំ រកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មុខរបរជាកម្មករសំណង់នៅអូឌឹម រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានចេញ សេចក្ដីប្រកាសព័ត៌មាន
ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០១នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ហើយរដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ ២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា បុរស ដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម(ភ្នំពេញ) រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតផ្ទាល់ខ្លួនតែម្នាក់ឯងត្រលប់មកស្រុកកំណើត ដោយ បានចូលទិញថ្នាំនៅម្ដុំផ្សារអូឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកឆា(តាមច្រករណ្តៅថ្ម )។ ពេលមកដល់ផ្ទះនៅម៉ោង១០ព្រឹក គាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយសារម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយ ក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបុរសរូបនេះ ទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈភ្នំពេញ និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចៀសវាងការចេញក្រៅផ្ទះបើមិនចាំបាច់ ឬការប្រមូលផ្ដុំជួបជុំផ្សេងៗ ដែលជា កត្តាចំបងនាំឲ្យមានការចម្លងជំងឺកូវីដ១៩ចូលក្នុងគ្រួសារ និងសហគមន៍៕
ដោយ, សុខ ខេមរា