ខេត្តសៀមរាប, ត្រូវបានបិទខ្ទប់ភូមិសាស្ត្រសង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ គិតចាប់ពីវេលាម៉ោងសូន្យ ថ្ងៃទី១៦ ខែមេសា រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រសង្កាត់ដែលត្រូវបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លង រាលដាលទៅតំបន់ផ្សេងទៀត។
៊ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញ ពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
– ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងដែលមិនមានការហាមឃាត់ ដោយត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីការងារ មុខរបរ ឬអាជីវកម្ម ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច
-ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ចាំបាច់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច។ ការធ្វើដំណើរ ក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២(ពីរនាក់ ក្នុងមួយលំនៅឋាន ឬទីសំណាក់មិនឱ្យលើសពី ២(ពីរ)ដង ក្នុងមួយសប្តាហ៍ និងនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវ បានបិទខ្ទប់
ការធ្វើដំណើរទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីកន្លែងព្យាបាល ឬឱសថស្ថាន ដោយ មូលហេតុសុខភាពបន្ទាន់ ចេញក្រៅពីរង្វង់ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នេះ អាចធ្វើទៅបាន ដោយមានការអនុញ្ញាតពីអាជ្ញាធរដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់
– ការធ្វើដំណើរដើម្បីទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាល ធ្វើការយកវត្ថុសំណាកទៅវិភាគរកមេរោគ កូវីដ-១៩ និងដើម្បីទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ និងនៅក្នុង រង្វង់ភូមិសាស្ត្រសង្កាត់ដែលត្រូវបានបិទខ្ទប់
– ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូទេព្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថានប័ន-អង្គភាព -ការធ្វើដំណើរដើម្បីចូលរួមក្នុងសកម្មភាពដែលបម្រើប្រយោជន៍សាធារណៈ ឬគោលបំណងចាំបាច់ ផ្សេងទៀត តាមការស្នើសុំ ឬតាមការកំណត់របស់អាជ្ញាធរសាធារណៈ
-ការធ្វើដំណើរដោយមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតជាមុនពី អាជ្ញាធរមានសមត្ថកិច្ច ដែលទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់។ រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សា គម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្តៅ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់ ដូចខាងក្រោម៖
– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ទីសំណាក់ជាមួយគ្នា
-ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច
– ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាកបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ-១៩ ក៏ដូចជាបុគ្គលិក សុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
-ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-ការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈឬក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
-រាល់ការលើកលែងខាងលើ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
ដោយ, សុខ ខេមរា