ក្រុងប៉ោយប៉ែត៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទចែកចាយគ្រឿងញៀនខុសច្បាប់រួមជាមួយវត្ថុតាង កាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នៅចំណុចមណ្ឌល៦ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យចែកចាយថ្នាំញៀនរួមមានទី១ឈ្មោះឈុន គឹមសាន្ត ភេទប្រុស អាយុ២៨ឆ្នាំមុខរបមិនពិតប្រាកដ និងទី២ឈ្មោះផុន ហៃ ភេទប្រុស អាយុ១៩ឆ្នាំអ្នកទាំង២នាក់រស់នៅក្នុងភូមិភូមិប្រជាធម្មលិច សង្កាត់-ក្រុងខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនោះកម្លាំងសមត្ថកិច្ចបានធ្វើការល្បាតពេលយប់នៅតាមភូមិ ដោយទទួលបានព័ត៌មានពីក្មេងម្នាក់ប្រាប់កម្លាំងសមត្ថកិច្ចថា នៅចំណុចកើតហេតុមានអ្នកចែកចាយថ្នាំញៀន ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុឃើញជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាព ក៏ឃាត់ខ្លួនយកមកសាកសួរ និងឆែកឆេរទៅលើឈ្មោះគឹម សាន្តឃើញថ្នាំញៀនម្សៅសថ្លាក្រាម(ហៅ)ខេទឹកកកចំនួន៣កូនថង់តូច ចំណែកឈ្មោះផុន ហៃ សមត្ថកិច្ចរកឃើញថ្នាំញៀនម្សៅសរក្រាម(ហៅ)ខេទឹកកកចំនួន២កូនថង់តូចផងដែរ។
ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការសាកសួរធ្វើកំណត់ហេតុ ជនសង្ស័យឆ្លើយសារភាពថាខ្លួនពិតជាប្រព្រឹត្តដូចពាក្យសមត្ថកិច្ចចោទសួរមែន ជនសង្ស័យក្រោយពីកសាងសំណុំរឿងរួច និងបញ្ជូនទៅស្នងការរដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ វណ្ណា