អន្តរជាតិ៖ បើតាមការលើកឡើងរបស់លោកអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ាលោក មីន អោង ហ្លេង (Min Aung Hlaing) នៅថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនបានលើកលែងទោស និងដោះលែងអ្នកទោសជាង ២៣,០០០នាក់ ក្នុងឱកាសនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មី។ ប៉ុន្តែមិនទាន់ច្បាស់ទេថា តើពួកគេទាំងនោះមានរួមបញ្ចូលទាំងក្រុមសកម្មជន ដែលត្រូវបានជាប់ឃុំដោយសាររដ្ឋប្រហារ កាលពីខែកុម្ភៈកន្លងទៅនេះដែរ ឬយ៉ាងណានោះទេ។
បើតាមទីភ្នាក់ងារសារព័ត៌មាន AP នៅរសៀលថ្ងៃសៅរ៍ ទី១៧ ខែមេសា នេះដែរ បានចុះផ្សាយថា ចំពោះការដោះលែងនេះ ត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ MRTV របស់រដ្ឋ ដោយបានគូសបញ្ជាក់ថា៖ អគ្គមេបញ្ជាការយោធាលោក មីន អោង ហ្លេង (Min Aung Hlaing) ដែលកំពុងកាន់អំណាចគ្រប់យ៉ាងនៅមីយ៉ាន់ម៉ា បានលើកលែងទោសដល់អ្នកទោសចំនួន ២៣,០៤៧នាក់។ ក្នុងនោះរួមមានជនបរទេស ១៣៧នាក់ ដែលនឹងត្រូវនិរទេសចេញពីប្រទេសមីយ៉ាន់ម៉ា។ បន្ថែមពីនេះ របបយោធាមីយ៉ាន់ម៉ារូបនេះ ក៏បានកាត់បន្ថយការកាត់ទោស ចំពោះអ្នកទោសដទៃទៀតផងដែរ។
សូមជម្រាបថា ការដោះលែងអ្នកទោសមុនពេលកំណត់ ជាទម្លាប់ក្នុងអំឡុងពេលវិស្សមកាលសំខាន់ៗ ប៉ុន្តែនេះជាលើកទី ២ ហើយដែលរបបយោធាកាន់អំណាចបានធ្វើដូច្នេះ ចាប់តាំងពីវាបានផ្តួលរំលំរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ដែលបង្កឱ្យមានការប្រឆាំងតវ៉ា ការចាប់ខ្លួន និងការសម្លាប់ជារៀងរាល់ថ្ងៃ ដោយកងកម្លាំងសន្តិសុខ។
ដោយឡែកបើតាមទិន្នន័យពី សមាគមផ្ដល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ដែលតែងតែឃ្លាំមើលការស្លាប់ និងចាប់ខ្លួនបាតុករ បានបញ្ជាក់ដែរថា កងកម្លាំងរក្សាសន្តិសុខនៃរបបយោធាមីយ៉ាន់ម៉ា បានធ្វើការបង្ក្រាប និងសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២៦នាក់ហើយ ខណៈមនុស្ស ២,៧២៨នាក់ រួមមានទាំងលោកស្រី ស៊ូ ជី ផងដែរកំពុងជាប់ឃុំឃាំង គិតចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១៕ដោយ៖ស តារា