ជនជាតិចិន២នាក់ ព្យាយាមបើករថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរព្យាបាលចុងស៊ិន» លួចឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពត, សមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះបន្ទាន់ បំណងឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ, បច្ចុប្បន្នកំពុងត្រៀមបណ្ដេញពីកម្ពុជា។

សូមបញ្ជាក់ថា, កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចាប់ឃាត់ខ្លួនជនជាតិចិន២នាក់ បន្លំបើករថយន្ដសង្គ្រោះបន្ទាន់ ក្នុងគោលបំណងឆ្លងកាត់ខេត្តកំពត ទៅខេត្តព្រះសីហនុ បំពានសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ។ ករណីនេះសម្តេចតេជោ ហ៊ុនសែន បានបញ្ជារួចហើយ មិនអនុញ្ញាតអោយឡាន ពេទ្យ ឡាន ខម ឡានអ្នកធំ បន្លំដាក់មនុស្សឆ្លងកាត់តំបន់ហាមឃាត់ បិទខ្ទប់នោះឡើយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះថា ប្រតិបត្តិការនេះកម្លាំងនគរបាលផែនអន្ដោប្រវេសន៍ខេត្តកំពត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ សហការជាមួយនគរបាលជំនាញ ឃាត់ជនជាតិចិនទាំង២នាក់នេះ តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។

ប៉ុន្ដែនៅពេលឃាត់ខ្លួនបានគ្រាន់តែសួរនាំបឋមប៉ុណ្ណោះ ព្រោះត្រូវយកសំណាកទៅពិនិត្យជាមុនសិន ទៅបន្ដនីតិវិធីបន្ថែមទៀត។ លុះលទ្ធផលបង្ហាញថាអវិជ្ជមាន ទើបកម្លាំងនគរបាលជំនាញចាត់ការបន្ដតាមនីតិវិធី ដែលបច្ចុប្បន្ននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងផែនអន្ដោប្រវេសន៍ បានបញ្ជូនខ្លួនជនជាតិចិនទាំង២នាក់នេះ ទៅកាន់ទីស្នាក់ការត្រៀមបណ្ដេញចេញ នៅខេត្តព្រះសីហនុ ដើម្បីបណ្ដេញចេញពីកម្ពុជាតែម្ដង។

លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ ជនជាតិចិនទាំង២នាក់នេះ ព្យាយាមបើករថយន្តសង្គ្រោះបន្ទាន់ ដែលមានដាក់ឡូហ្គូ «មន្ទីរព្យាបាលចុងស៊ិន» ឆ្លងព្រំប្រទល់ខេត្តកំពត និងខេត្តព្រះសីហនុ ពេលសមត្ថកិច្ចឃាត់សួរនាំ ក៏បើករថយន្តរត់ត្រឡប់មកក្រោយវិញ បន្ទាប់មកកម្លាំងជំនាញឃាត់ខ្លួនបាន នៅចំណុចផ្លូវបំបែកភ្នំបូកគោ ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

ជនជាតិចិនទាំង០២នាក់នេះ ទី១៖ ឈ្មោះ LI CHANGQING កាន់លិខិតឆ្លងដែនលេខ EC7645585 និងទី២៖ WANG YOUZHI កាន់លិខខិតឆ្លងដែនលេខ EE771775018។
ទោះជាក្នុងករណីឃាត់ខ្លួនជនជាតិចិនទាំងពីរនាក់ខាងលើនេះក៏ដោយ សមត្ថកិច្ចគួរតែបន្តធ្វើការស្រាវជ្រាវ តើឡូហ្គោ នឹងឈ្មោះគ្លីនិកខាងលើនេះ មានទីតាំងស្របច្បាប់ដែរឬទេ ឬមួយជនជាតិចិនបានប្រើ ឡូហ្គោនេះដើម្បីធ្វើការគេចខ្លួនឆ្លងកាត់ពីខេត្តកំពតទៅកាន់ខេត្តព្រះសីហនុ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print