ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានចាប់វាយខ្នោះមន្រ្តីយោធាម្នាក់ ក្រោយបើកម៉ូតូបុកបារ៉ាស់បិទខ្ទប់ និងប្រើហិង្សាទៅលើសមត្ថកិច្ចប្រចាំគោលដៅទៀតផង។ ភ្លាមៗជនសង្ស័យដែលជាមន្រ្តីយោធារូបនេះ នឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
បេីតាមការបញ្ជាក់ពីលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសានេះថា ជនបង្ករូបនេះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ជាមន្រ្តីយោធាក្រសួងការពារជាតិ ត្រូវបានសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១។
លេីសពីនេះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ជនបង្កបានបើកបុកប៉ារ៉ាស់បិទខ្ទប់ ជេរប្រមាថមើលងាយ និងវាយបង្កបួសស្នាមមកលើសមត្ថកិច្ចទៀតផង។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ៕ដោយ៖សហការី