ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងឱកាសចែកម៉ាស់ជូនអ្នករត់ឡាំប្រឺតាទាំងអស់ ត្រង់ចំណុចបរិវេណរង្វង់មូល រូបសំណាកផ្លែទុរេន ក្រុងកំពត នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ដាច់ខាតសូមកុំដឹកភ្ញៀវណា ដែលមិនព្រម ពាក់ម៉ាស់ការពារខ្លួន និងអ្នកដទៃ។
បើតាមឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា៖ បច្ចុប្បន្ន នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន កំពុងទទួលរងនូវការរាតត្បាតដោយជំងឺឆ្លងកូវីដ១៩។ ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការបង្ការទប់ស្កាត់ ក៏ដូចជា បញ្ចៀសការចម្លងពីមនុស្សម្នាក់ ទៅម្នាក់ ពិសេសកាត់បន្ថយការរីករាលដាលចូលសហគមន៍តាមវិធានផ្សេងៗ។
លោកស្នងការ បានបន្តថា សម្រាប់ខេត្តកំពត ទោះបីករណីនេះ មិនទាន់មាន បញ្ហាប្រឈមខ្លាំងក៏ដោយ ប្រជាពលរដ្ឋគ្រប់រូប ចាំបាច់ត្រូវតែចូលរួម អនុវត្តរាល់បទបញ្ជា និងសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួនបំផុត។ បងប្អូនអ្នករត់ផាស់អាប់(ឡាំប្រឺតា) ជាមុខសញ្ញាមួយ ងាយប្រឈមបំផុត ព្រោះគ្រប់ភ្ញៀវ ដែលឡើងជិះផាស់អាប់មិនអាចដឹង ច្បាស់ថា ពួកគាត់មកពីប្រភពណាខ្លះ ហើយមានផ្ទុកមេរោគកូវីដ១៩ ឬក៏គ្មាននោះទេ។ ដូច្នេះ បងប្អូន ត្រូវតែប្រយ័ត្នប្រយែង ការពារខ្លួនគ្រប់ពេលវេលា ដោយមិនត្រូវធ្វេសប្រហែស ឡើយ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា នៅពេលបងប្អូន ឃើញភ្ញៀវណាម្នាក់ ហៅផាស់អាប់ ដោយមិនមានម៉ាស់ បងប្អូនត្រូវណែនាំ និងប្រគល់ម៉ាស់ ជូនគាត់ពាក់ឱ្យបានត្រឹមត្រូវមុននឹងឡើងជិះ។ ក្នុងករណីបើភ្ញៀវណាម្នាក់ រឹងរូសមិនព្រមពាក់ម៉ាស់នោះបងប្អូន កុំទទួលដឹកគាត់ឱ្យសោះ៕ដោយ៖សហការី