ភ្នំពេញ ៈ ផ្ទះព្យាបាលដោយទឹកថាមពលពពុះអ៊ុលត្រាសូនិចមួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ ១២៨ សង្កាត់ មនោរម្យ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកព្រលឹមថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៦ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ។
ក្នុងប្រតិបត្តិការណ៍ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះផ្ទះលក់ឱសថព្យាបាលដោយទឹកថាមពលពពុះអ៊ុលត្រាសូនិចខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងរថយន្តពន្លត់អគ្គិភ័យតាមបណ្តាខណ្ឌ សរុបចំនួន៩ គ្រឿងបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ប៉ុន្តែបាញ់អស់តែ៣ គ្រឿងទេ អាចបាញ់ពន្លត់ អោយរលត់សូន្យសុងទៅវិញ ដោយពុំមានរៀលដាលធំដុំដល់លំនៅឋានផ្សេងៗទេ ។ សមត្ថកិច្ចបន្តថា អគ្គិភ័យនេះបង្កឡើងដោយឆ្លងចរន្តអគ្គិសនីនៅបន្ទប់ក្រោយ ព្រោះពេលកើតហេតុនោះមិនមានមនុស្សនៅក្នុងផ្ទះឡើយ ហើយក៏បានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ លក់ឱសថព្យាបាលដោយទឹកថាមពលពពុះអ៊ុលត្រាសូនិចប្រហែល ៥០ ភាគរយ ។