ភ្នំពេញ, រដ្ឋបាលខណ្ឌជ្រោយចង្វារសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនបុគ្គល០២រូបដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចគេចវេសពីការធ្វើចត្តាឡីស័កនៅតាមផ្ទះ។
រដ្ឋបាលខណ្ឌជ្រោយចង្វារ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា កាលពីវេលាម៉ោង៨៖១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌជ្រោយចង្វារ ដែលឈរជើងនៅគោលដៅចំណុចរង្វង់មូលព្រហ្មបាយ័ន ក្នុងការអនុវត្តសេចក្តី សម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីការកែសម្រួល វិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ត កណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើការសាកសួរ និងឃាត់ខ្លួនបុគ្គល ដែលបានប្រព្រឹត្តផ្ទុយពីវិធានការសុខាភិបាល លួចចាកចេញពីទីកន្លែងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ០២រូប ទី១ ឈោ្មះ កុប ម៉ារី ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរ៖ អាជីវករផ្សារដើមគ (ត្រូវជាម្តាយ) និងទី២ ឈ្មោះ ម៉ក់ រ៉ឺវីសា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរ៖ អាជីវករផ្សារដើមគ (ត្រូវជាកូន) មានអាសយដ្ឋាន ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ចូនបុគ្គលទាំងពីររូបខាងលើ ឱ្យទៅបន្តធ្វើចត្តាឡីស័ក នៅមណ្ឌល ចត្តាឡីស័កព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
ដោយ, សិលា