សមត្ថកិច្ចគោលដៅខណ្ឌជ្រោយចង្វា​ ឃាត់ខ្លួនមនុស្ស៣នាក់ ក្នុង​នោះ​ម្នាក់ជាជនជាតិចិន ខណៈ​ធ្វើដំណើរពេលបិទខ្ទប់គ្មានឯកសារត្រឹមត្រូវ និងជិះបុកបារ៉ាស់

ចែករំលែក៖

ភ្នំពេញ​៖ បុរសជនជាតិខ្មែរ​ ២នាក់​ និងជនជាតិចិនម្នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ ធ្វើការ​បង្ក្រាបក្នុងករណីល្មើសវិធានបិទខ្ទប់រាជធានីភ្នំពេញចំនួន២ករណី ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងដកហូតរ៉ឺម៉ក់ម៉ូតូមួយគ្រឿង​ និងម៉ូតូ​មួយគ្រឿង​។

បើតាមអះអាងពីមន្រ្តីសមត្ថកិច្ចដែលប្រចាំការនៅចំណុចគោលដៅរង្វង់មូលស្ពានជ្រោយចង្វា​ បានឲ្យដឹងថា​ ករណីទី១៖ មានបុរសម្នាក់ជិះម៉ូតូតាមផ្លូវដោយគ្មានលិខិតអនុញ្ញាត ព្រមទាំងបុកបារ៉ាស់សមត្ថកិច្ច ទេីប​កម្លាំង​ជំនាញ​ឃាត់ខ្លួន​តែម្តង​។ រួច​សមត្ថកិច្ចបាននាំខ្លួនបុគ្គលនេះ ឲ្យ​ធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ក្រោយបញ្ជូនទៅធ្វើចត្តាឡីស័ក សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

ចំណែក​ករណីទី២៖ បុរសជនជាតិចិនម្នាក់ និងបុរសជនជាតិខ្មែរម្នាក់​ ជាអ្នកបើករ៉ឺម៉ក់ម៉ូតូ ត្រូវបានសមត្ថកិច្ចតាមគោលដៅឃាត់ខ្លួន ធ្វើដំណើរល្មើសនឹងបំរាមគោចរ ហើយគ្មានលិខិតអនុញ្ញាតទៀតផង។

ប្រភពដដែល​ បន្តថា​ ក្រោយឃាត់ខ្លួនបុរសជនជាតិចិន សមត្ថកិច្ចបានធ្វេីការពិន័យតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ព្រមទាំងបានអនុញ្ញាតឱ្យបុរសជនជាតិចិននេះ វិលត្រឡប់ទៅទីតាំងចាស់វិញដោយថ្មើរជើង។​ ដោយឡែក​ម្ចាស់រ៉ឺម៉កម៉ូតូ ដែលបានដឹកបុរសជនជាតិចិន ត្រូវសមត្ថកិច្ចដកហូតវត្ថុតាងសម្រាប់ដឹកជនជាតិចិនខាងលេីនេះ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្ន។

គួរបញ្ជាក់ថា​ ការដកហូតវត្ថុតាងនេះដោយសារសាមីខ្លួនអត់មានប្រាក់បង់នៅនឹងកន្លែង ហើយសមត្ថកិច្ចទុករយៈពេលឱ្យម្ចាស់កង់បីចំនួន៣០ថ្ងៃ តាមកាលកំណត់ ក្នុងករណីម្ចាស់កង់បីខាងលើ មិនចូលខ្លួនដោះស្រាយសមត្ថកិច្ច នឹងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print